ឯកឧត្តម ថង សាវុន អភិបាលខេត្តបណ្ឌលគិរី អញ្ជើញទទួលថវិកាពីសប្បុរសជន នាឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់-ទទួលថវិកាសប្បុរសជន ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមមានវត្តមាន លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិកសមាជិកាគណៈកម្មាធិការសាខា រួមនឹងសប្បុរសជននានាមួយចំនួនទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ពិធីប្រគល់-ទទួលថវិកាពីសប្បុសជននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅរកការប្រារព្ធអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហានានា និងបន្តពង្រឹងភាពធន់សហគមន៍”។ ឯកឧត្តម  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាពអគ្គិសនីខេត្តមណ្ឌលគិរី ក៏ដូចជាសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការកៀរគររកមូលនិធិពីសប្បុរសជនក្នុងស្រុក និងក្រៅខេត្ត គ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់នេះ សាខានឹងយកទៅចាត់ចែងទៅតាមគោលការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយជនរងគ្រោះ និងអ្នកដែលត្រូវការជំនួយជាចាំបាច់។ បន្ថែមលើសនេះ ឯកឧត្តម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង នៅតាមបណ្តាក្រុង/ស្រុក ដែលបានកំណត់ជូនប្រជាពលរដ្ឋ ហើយត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង