ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សម្ពោធឱ្យប្រើប្រាស់ផ្លូវបេតុង៦ខ្សែ ក្នុងសង្កាត់ព្រែកហូរ
កណ្តាល ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២
នៅថ្ងៃ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ៦ខ្សែ ប្រវែង ៩៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ ដាក់លូមុខកាត់ ០,៦ម៉ែត្រ ប្រវែង៣៧១ម៉ែត្រ រ៉ឺហ្គា១៧កន្លែង និងដាក់លូរំដោះទឹកមុខកាត់ ០,៣ម៉ែត្រ ប្រវែង ៥២ម៉ែត្រ រ៉ឺហ្គា ១៥កន្លែង ក្នុងភូមិព្រែកហូរលិច ភូមិព្រែកហូរលិច១ និងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការផ្លូវទាំង៦ខ្សែនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀ តដ៏មានសារៈសំខាន់ជាទីបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ ក៏ដូចជាប្រជាជនទូទៅឆ្លងកាត់ សម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ បានយ៉ាងងាយស្រួល ជួយរំដោះទឹកជំនន់ដោយទឹកភ្លៀង ដែលជួយជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន។
ឯកឧត្តម បានបន្តថា សមិទ្ធផលដែលកើតចេញពីការដឹកនាំប្រកបដោយឆន្ទៈ និងការរួមសាមគ្គីនេះហើយ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជន កាន់តែត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀតផង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធបាន ក្លាយជាសរសៃឈាមដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានកំពុងបន្តកសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី