កម្ពុជានាំចេញត្បូង និងលោហធាតុមានតម្លៃ ៩១លានដុល្លារ កើនឡើងជាង១៣០០% នៅត្រីមាសទី១ (Video inside)
ភ្នំពេញ៖ កម្ពុជាបាននាំចេញត្បូង និងគ្រឿងអលង្ការ ទៅកាន់ទីផ្សារអន្តរជាតិតម្លៃជិត ១០០លាន កើនឡើងជាង១៣០០% ក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញ គុជខ្យងធម្មជាតិ ឬចិញ្ចឹម, ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម, លោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហធាតុមានតម្លៃ គ្រឿងអលង្ការកាឡៃ និងកាក់ មានតម្លៃជាង៩១លានដុល្លារអាមេរិក កើនឡើង១៣៨៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹមតែជាង៦លានប៉ុណ្ណោះ។
ដោយឡែកបើគិតពីការនាំចេញសម្រាប់តែខែមីនា ការនាំចេញត្បូងរបស់កម្ពុជា មានតម្លៃជាង៥៥លានដុល្លារអាមេរិក កើនឡើង ២៨៤១% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ១លានប៉ុណ្ណោះ។
ចំណែកការនាំចូលវិញ ក្នុងរយៈពេលបីខែនេះកម្ពុជាបាននាំចូលត្បូងផ្សេងៗ តម្លៃ១ ៣១៧ លានដុល្លារ ថយចុះ៤៦.២% ខណៈការនាំចូលក្នុងខែមីនា ធ្លាក់ ៨៧.៨% គឺមានតម្លៃត្រឹមតែ ១៣៥លានដុល្លារ។
ទន្ទឹមនឹងការកើនឡើងនៃការនាំចេញត្បូង និងគ្រឿងអលង្ការនេះ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ពាណិជ្ជករ ដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឱ្យចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន TNM នៅថ្ងៃទី២១ ខែមីនានេះថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃបានរៀបចំឡើង ជារៀងរាល់ឆ្នាំនៅប្រទេសសិង្ហបុរី ដោយមានអ្នកតាំងពិព័រណ៍មកពីប្រទេសជាច្រើនចូលរួម ។
លោកបន្តថា ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជូនពាណិជ្ជករកម្ពុជា ក្នុងវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះជា បន្តបន្ទាប់ លើកលែងតែក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ តាមការស្ទង់មតិ ពាណិជ្ជករកម្ពុជា មានការចាប់អារម្មណ៍ខ្ពស់ ចំពោះការចូលរួមក្នុងពិព័រណ៍នេះ ដោយសារនៅរាល់ពេលចូលរួមអ្នកតាំងពិព័រណ៍អាចលក់ផលិតផលបានខ្លះ និងមានឱកាសបានសិក្សាស្វែងយល់ពីគុណប្រយោជន៍នៃការរចនាម៉ូដ គ្រឿងអល្លង្ការ តម្រូវតាមទីផ្សារសម្រាប់អ្នកស៊ីវិល័យ បានស្វែងយល់ពីស្ថានភាពទីផ្សារគ្រឿងអលង្ការក្នុងតំបន់ និងពិភពលោក តាមរយៈការចូលរួមសិក្ខាសាលា ស្តីពីទំនោរទីផ្សារគ្រឿងអលង្ការសកល ដែលរៀបចំឡើងដោយសមាគមគ្រឿងអលង្ការអាស៊ាន និងបានជួបចរចារដោយផ្ទាល់ជាមួយពាណិជ្ជករដូចគ្នា ជាមួយអ្នកច្នៃម៉ូដមកពីតំបន់ផ្សេងៗ បានជួបពិភាក្សាកិច្ចការពាណិជ្ជកម្ម លើផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ជាមួយសមាគមគ្រឿងអលង្ការអាស៊ាន ក្នុងការស្វែងរកជំនួយឧបត្ថម្ភលើផ្នែកបច្ចេកទេស សម្រាប់កែលម្អទីផ្សារជាដើម៕សម្រួលដោយ ទៀង បុណ្ណរី