កូរ៉េ បញ្ជាក់ជំហរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យអាទិភាព
ភ្នំពេញ ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គ លេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប ពិភាក្សាការងារជាមួយ លោក Jechul Yoo ប្រធានវិទ្យាស្ថានបច្ចេកវិទ្យា និងឧស្សាហកម្មបរិស្ថាននៃ សាធារណរដ្ឋកូរ៉េ ។
ឯកឧត្តមរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Jechul Yoo និងបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរដ្ឋាភិបាលសាធារ ណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដែលបាននិងកំពុងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលនៃការអភិវឌ្ឍ ប្រទេសយ៉ាងធំធេង ជាក់ ស្ដែងការដាក់ចេញវិធានការយ៉ាងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យដ៏ត្រចះត្រចង់រហូតឈានដល់ការបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យ ។
លោក Jechul Yoo បានបង្ហាញអារម្មណ៍សោមនស្សរីករាយក្រៃលែងដែលបានមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូល រួមក្នុងការចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងក្រសួងធនធានទឹក និងឧតុនិ យមលើតម្រោងស្តីពី “Master Plan of ICT-based Water Resource Management and Development in Cambodia” ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២។ លោក Jechul Yooបានសំដែងការកោតសរសើរចំពោះប្រទេសកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងជាប្រទេសអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបានបញ្ជាក់ជំហរបន្តគាំទ្រ ដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការតម្រង់ទិសដៅយុទ្ធសាស្រ្តភាពជាដៃគូ (CPS 2021-2025) និងហិរញ្ញប្បទានសហប្រតិ បត្តិការផ្លូវការក្នុងវិស័យបរិស្ថាន (E-ODA) ។ លោក Jechul Yoo បានបញ្ជាក់ ជំហរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីក កិច្ចសហ ប្រតិបត្តិការអភិវឌ្ឍនៅក្នុងវិស័យអាទិភាព ជាពិសេសវិស័យបរិស្ថាន ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែង អំណរគុណ និងជូនពរលោក Jechul Yoo និងគណៈប្រតិ ភូ ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដែលបន្ត គាំទ្រដល់កម្ពុជា ។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបរវាងភាគីទាំង២ គឺដើម្បីពិភាក្សាលើហិរញ្ញប្ប ទានសហប្រតិបត្តិការសម្រាប់វិស័យបរិស្ថានរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ៕សម្រួលដោយទៀង បុណ្ណរី