កម្មករ កម្មការិនីរោងចក្រចំនួន៣ក្នុងស្រុកសាមគ្គីមានជ័យទទួលការចាក់វ៉ាក់សាំងដូសជំរុញ
កំពង់ឆ្នាំង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២–
នៅថ្ងៃ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកសោម ស៊ីណាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បាននាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញរបស់ក្រុមគ្រូពេទ្យ ជូនដល់កម្មករ កម្មការិនី រោងចក្រកាត់ដេរចំនួន៣ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោក អម សុភា បានមានប្រសាសន៍ថា យោងតាមរបាយការរបស់ក្រុមគ្រូពេទ្យខេត្តចុះចាក់វ៉ាក់សាំងដូសជំរុញដល់ក្មករ កម្មការិនីរោងចក្រចំនួន៣កន្លែង មាន រោងចក្រកាត់ដេរសំលៀកបំពាក់យ៉ុង ហួយ, រោងចក្រ ប៉េង តៃ, និងរោងចក្រ ឆាង ហ៊ួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានកម្មករ កម្មការិនីសរុបចំនួន ១ ២៦២នាក់ ហើយកម្មករ ក្មការិនីមិនទាន់បានចាក់ដូសលើកទី៣ ចំនួន ១ ០៤៣នាក់ និងកម្មករមិនទាន់បានចាក់ដូសលើកទី៤ ចំនួន២១០នាក់ ។
លោកបានឱ្យដឹងទៀតថា នៅក្នុងដំណើរការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្មករ កម្មការិនីក្នុងពេលនេះ គឺជាដូសជំរុញចាក់លើកទី៣ និងលើកទី៤ គឺប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ របស់ប្រទេសចិន ហើយក្រុមគ្រូពេទ្យគ្រោងនឹងធ្វើការចាក់ជូនដល់កម្មករ កម្មការិនី គ្រប់បណ្តារោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង ផងដែរ ។
លោកអភិបាល បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីកាត់ដេរទាំងអស់ ត្រូវមកចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស ដើម្បីការពារភាពសាំរបស់មេរោគកូវីដ-១៩ ។ កម្មករ កម្មការិនីទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ គឺ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីខ្លួនយើង អ្នកជិតខាងយើង សហគមន៍យើងគ្រួសារយើងគ្មានការឆ្លងជំងឺកូវីដ-១៩៕សម្រួលដោយ ទៀង បុណ្ណរី