កិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម មាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២
នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ អន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម មាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
វិសោធនកម្ម មាត្រា១៤០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សនៅក្នុងគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។ ក្នុងមាត្រា១៤០ចាស់ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម ៖ -គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ៧រូប។ -គណៈអភិបាលខេត្តមានចំនួនពី ៣រូប ទៅ ៧រូប។ -គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៣រូប ទៅ ៥រូប។ -ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា១៤០ថ្មី ដែលបានធ្វើវិសោធនកម្ម ហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម ៖ -គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប។ -គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ ១១រូប។ -គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។ -ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕សម្រួលដោយ ទៀង បុណ្ណរី