ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាស្រុកសម្រេចដកហូតបញ្ចប់តំណែងលោក លួង ឡុក ជាមេភូមិដំរីស្លាប់ រឿងស៊ីដាច់លុយឧបត្ថម្ភប្រជាពលរដ្ឋមានបណ្ណក្រីក្រ អំឡុងវិបត្តិកូវីដ១៩
ខេត្តកំពង់ធំ ៖ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាស្រុកសម្រេចដកហូតបញ្ចប់តំណែងលោក លួង ឡុក ជាមេភូមិដំរីស្លាប់ ដែលហ៊ានលេបត្របាក់លុយរបស់ប្រជាពលរដ្ឋមានបណ្ណក្រីក្រ ដែលជាលុយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រដែលកំពុងតែជួបកាលំបាក ក្នុងស្ថានភាពការពារទប់ស្កាត់កូវីដ១៩។
លោក លួង ឡុក អតីតជាមេភូមិដំរីស្លាប់ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ ដោយហ៊ានស៊ីដាច់លុយដែលប្រមុខរាជរដ្ឋាភិបាល បានឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រកូវីដ១៩ ហេតុការណ៍នេះបានផ្ទុះឡើង បន្ទាប់ពីសាច់ញាតិលោកយាយ ឃុំ ណាវ អាយុ៦៣ ឆ្នាំ ជាពិការភាព និងមានកូនម្នាក់ ដែលសតិមិនប្រក្រតី បានតវ៉ាសើរើនៅសាលាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយ ក្នុងសាលាឃុំដំរីស្លាប់ លោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពថា បានស៊ីដាច់លុយកូវីដ១៩ ដែលសម្តេចជួយឧត្តមដល់លោកយាយ ឃុំ ណាវ ដែលជនពិការ ចាប់តាំងពីបើកដំបូងមកម្ល៉េះ ដោយបាននិយាយភូតភរកុហក សាច់ញាតិបងប្អូនអ្នកភូមិថា លោកយាយពុំមានប័ណ្ណក្រីក្រនោះទេ តែបងប្អូនអ្នកភូមិដឹងច្បាស់ថា លោកយាយបានធ្វើបណ្ណក្រីក្រហើយ ក្រោយមានការស្រាវជ្រាវ ដោយបានបញ្ជាក់ច្បាស់លាស់ពីលោកស្រីមេឃុំដំរីស្លាប់ថា លោកយាយពិតជាមានប័ណ្ណក្រីក្រពិតប្រាកដ ហើយបានបើកលុយរាល់ខែទៀតផង។
នៅកិច្ចដំណោះស្រាយ បានឲ្យដឹងថា ក្រោយពីបែកធ្លាយផ្ទុះរឿងថាលោកយាយមានប័ណ្ណ មេភូមិភ័យខ្លួន ក៏លួចធ្វើលិខិតមួយច្បាប់ ជារបាយការណ៍ មកឲ្យលោកស្រីមេឃុំដើម្បីជួយជាអំណះអំណាង ថាខ្លួនបានរាយការណ៍ពីសកម្មភាពបើកលុយ និងមានលុយចំនួន២៤ម៉ឺនរៀល ចំនួន២ខែ មករក្សាទុកនៅសាលាឃុំ ក្នុងនោះចំនួនលុយដែលនៅសល់ជាច្រើនខែ លោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានឲ្យកូនបើកទុកសម្រាប់ចាយវាយហ៊ឺហា ជាសម្បត្តិផ្ទាល់ខ្លួន លើគំនរទុក្ខរបស់លោកយាយជនពិការ។
គួររំលឹកផងដែរថា បន្ទាប់ពីរឿងរ៉ាវត្រូវបានលាតត្រដាង លោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពកំហុសនិងទទួលខុសត្រូវ ធានាសងលុយឲ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើនដង ដើម្បីសុំឲ្យបញ្ចប់រឿងតែត្រឹមនេះ តែអ្វីដែលមេភូមិកំហូច បានធ្វើជាគំរូអាក្រក់ ដែលប្រជាពលរដ្ឋទាំងភូមិ មិនអាចទទួលយក បាន ថែមទាំងដាក់ពាក្យបណ្តឹងមកសាលាស្រុកកំពង់ស្វាយ ដើម្បី រកយុត្តិធម៌ និងលុបបំបាត់កាកសំណល់សង្គមចោល ដើម្បីកុំឲ្យមេភូមិ មេឃុំ ឬជនពុករលួយឆក់យកឳកាសបំផ្លាញកិត្តិយសជាតិ ។
លោកស្រី យឹង ហៀប មេឃុំដំរីស្លាប់ បានឲ្យដឹងនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ថា បន្ទាប់ពីមានកិច្ចប្រជុំនៅសាលាស្រុកកំពង់ស្វាយ អភិបាលស្រុក និងក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើការណែនាំ ឲ្យដាក់ទារុណកម្មលោកមេភូដំរីស្លាប់ ដោយការដកហូតតំណែងមេភូមិ និងឲ្យអនុភូមិឡើងជាមេភូមិដំរីស្លាប់ជំនួសលោក លួង ឡុក ដោយការសាកល្បងការងារបុគ្គលដែលមកទទួលតំណែងជាមេភូមិ បើការងារល្អ និងធ្វើជាមេភូមិរហូត តែបើមិនមាន សមត្ថភាពនិងត្រូវបោះឆ្នោតជ្រើរើសមេភូមិថ្មី។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងតាមទូរស័ព្ទនា ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថា បន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់ ក្នុងកិច្ចដំណោះស្រាយជម្លោះរវាងលោក លួង ឡុក មេភូមិដំរីស្លាប់ គឺពិតជាមានកំហុសខ្លាំងខ្លាមែន ដោយសារតែលោកមេភូមិបានបើកលុយឧបត្ថម្ភរបស់សម្តេច ហើយពុំបានប្រគល់ជូនលោកយាយដែលជាជនក្រីក្រ ថែមទាំងយកលុយទាំងនោះមករក្សាទុកខ្លួន ឯង ហើយមិនបានផ្តល់ដំណឹងមកអាជ្ញាធរឃុំដឹងលឺ ពីការមិនអវត្តមានរបស់លោកយាយនៅក្នុងភូមិ ដោយយល់ឃើញថា លោកយាយទៅរស់នៅ ជាមួយកូនតាមខេត្តមួយរយៈ ចំណែកថវិការបើសាមីខ្លួនមិនទទួលយក និងបង្វែរមករតនាគារវិញ រីឯលោកមេភូមិនឹងត្រូវផ្អាកការងារជាមេភូមិ៕