រដ្ឋបាលជលផលខេត្តបាត់ដំបងបង្ក្រាបបទល្មើសជលផលបានចំនួន ៣៨ករណី នៅក្នុងត្រីមាសទីមួយឆ្នាំ២០២២នេះ

ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអនុវត្តការងារចុះបង្ក្រាប បទល្មើសជលផលបានចំនួន៣៨ករណី ក្នុងនោះករណីបំផ្លាញវត្ថុតាងចោលអនុវត្តបានចំនួន៣៣ករណី កសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន៥ករណី ។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានបង្ហាញពីស្ថិតិបទល្មើសជលផល ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ សរុប៣៨ករណី ក្នុងនោះករណីបំផ្លាញវត្ថុតាងចោលអនុវត្តបានចំនួន៣៣ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៥ករណី និងបានរឹបអូសវត្ថុតាងនៃបទល្មើសរួមមាន របាំងសាច់អួនប្រវែង១៨២៦០ម៉ែត្រ, សាច់ស្បៃមុងប្រវែង៣០០ម៉ែត្រ, លូស្បៃមុងចំនួន២៤មាត់, លបឡុកចំនួន១១៣គ្រឿង, បង្គោលឈើនិងឫស្សីចំនួន៧៨០០ដើម, អាំងវ៉ិចទ័រ២គ្រឿង, អាគុយ១គ្រឿង និងដងឆក់២គូ ព្រមទាំងបានលែងកូនត្រីចម្រុះប្រភេទ និងត្រីរ៉ស់ចូលបឹងធម្មជាតិ សរុបចំនួន១១៩០គីឡូក្រាម។

លោក បានឱ្យដឹងបន្ដថា ក្រៅពីការងារបង្ក្រាបបទល្មើសជលផល ក្រុមការងាររបស់លោក បានសហការជាមួយកម្លាំងអាជ្ញាធរ មូលដ្ឋាន និងអង្គការជាដៃគូ ចុះផ្សព្វផ្សាយអំពីវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវធនធានមច្ឆជាតិ នៅកម្ពុជា ជាពិសេសក្នុងតំបន់ជុំវិញបឹងទន្លេសាប ដល់ប្រជាសហគមន៍នេសាទ និងអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងតំបន់ ព្រៃលិចទឹកនៃបឹងទន្លេសាប ដើម្បីឱ្យពួកគាត់មានការយល់ដឹង និងចូលរួមទប់ស្កាត់បទល្មើសជលផល និងបទល្មើសកាប់រាន ឈូសឆាយ និងដុតបំផ្លាញដីព្រៃលិចទឹក។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ក៏បានសំណូមពរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់អាជ្ញាធរនិងប្រជាសហគមន៍ក្នុងមូលដ្ឋានផ្ទាល់ ចូលរួមទប់ស្កាត់ក្នុងការបង្ក្រាបបទល្មើសជលផល និងបទល្មើសកាប់រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ទើបទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ផ្ទៃដីព្រៃលិចទឹក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង មានចំនួន ២០៦៩៥៣ហិកតា ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង