អតីតអធិការស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

TNM(ខេត្តបាត់ដំបង) ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លោក ឃី ឆៃ នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១បានចេញដីកាឃុំខ្លួន លោក គឹម ពន្លក អតីតអធិការនគរបាលស្រុកកំរៀង ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន»។

លោក គឹម ពន្លក ត្រូវបានចោទប្រកាន់ចំពោះបទល្មើស ដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ និង កាលពីអំឡុងខែមករា ឆ្នាំ២០២១ នៅចំណុចអធិការដ្ឋាននគរបាលស្រុកកំរៀង តាមមាត្រា៨ និង មាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យមួយ ដកហូតឋានន្តរស័ក្តិ និង បណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង