ឯកឧត្តម ទួន ថាវរ: រដ្ឋលេខធិការក្រសួងផែនការ នៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការជំរុញការអនុវត្តគោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជន និងការអប់រំ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
ខេត្តសៀមរាប ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជាមានសន្ទុះកើនឡើងពី១៣.៥ភាគរយកាលពីឆ្នាំ២០១៤, មកដល់ ១៧.៨ភាគរយនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ ការកើនឡើងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងផែនការអះអាងថា មួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺឆ្លងសាកលកូវីដ-១៩។
ឯកឧត្តម ទួន ថាវរ: រដ្ឋលេខធិការក្រសួងផែនការ នៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការជំរុញការអនុវត្តគោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ ប្រជាជន និងការអប់រំ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី៤៧ភាគរយ នៅឆ្នាំ២០០៧ មកនៅត្រឹម២២.៩ភាគរយក្នុងឆ្នាំ២០០៩ និងបន្តធ្លាក់មកនៅត្រឹម១៣.៥ភាគរយនាឆ្នាំ២០១៤ និងបានរុញកម្ពុជា ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។ ប៉ុន្តែផ្នែកតាមទិន្នន័យស៊ើបអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្រមានសន្ទុះកើនកើនឡើងមកដល់១៧.៨ភាគរយវិញ ដែលការកើនឡើងនូវអត្រាភាពក្រីក្រនេះ មួយផ្នែកធំបណ្តាលមកពីវិបត្តិជំងឺឆ្លងសាកលកូវីដ-១៩។
បើទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានការជម្រុញការអនុវត្តគោលនយោបាយជាតិ ប្រជាជន ឆ្នាំ២០១៦/២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឲ្យកាន់តែមានប្រសិទ្ធភាព តាមការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងអស់ អំពីទស្សន:វិស័យ យុទ្ធសាស្ត្រ ផែនការ គោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ដោយផ្សាភ្ជាប់ជាមួយនឹងបញ្ហាប្រជាជន និងអភិវឌ្ឍន៍ រួមមាន ប្រជាជន និងអប់រំ បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ បញ្ហាមនុស្សវ័យចាស់ ផលវិបាកប្រជាសាស្ត្រលើការអភិវឌ្ឍ បញ្ហាទេសន្តប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាយុវជន បញ្ហាយេនឌ័រ និងសុខភាពបន្តពូជយុវវ័យ ។
ឯកឧត្តម ទួន ថាវរ: ក៏បានលើកផងដែរថា ការអភិវឌ្ឍមូលធនមនុស្ស ក៏ជាកត្តាសំខាន់បំផុត ដែលជាគន្លឹះក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ និងអាចជួយឲ្យកម្ពុជា បង្កើននូវភាពប្រកួតប្រជែងលើពិភពលោក ដោយបន្តផ្តោតជាសំខាន់ក្នុងការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល សុខុមាលភាព ដោយផ្តោតការយកចិត្តទុកដាក់សំខាន់លើយុវជន និងស្ត្រី។ ម៉្យាងទៀត ការអប់រំមានសារ:សំខាន់សម្រាប់បុគ្គល និងជាធនធានសម្រាប់អភិវឌ្ឍន៍ជាតិ ហើយការអប់រំ ជាសិទ្ធិពី កំណើតសម្រាប់បុគ្គលម្នាក់ៗ។ ការអប់រំ ជាការអភិវឌ្ឍសមត្ថភាពមនុស្សជាតិ ដើមី្បលប់បំបាត់វិសមភាពក្នុងសេដ្ឋកិច្ច សង្គម វប្បធម៌ គ្រួសារ/បុគ្គល ច្បាប់នយោបាយ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រផងដែរ ។ ម្យ៉ាងទៀតការកំណត់វិស័យអប់រំ ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាការអភិវឌ្ឍន៍ធនធានមនុស្ស ដើមី្បឆ្លើយតបទៅនឹងការបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលមានវិស័យធំៗ គឺវិស័យកសិកម្ម .ឧស្សាហកម្ម និង សេវាកម្ម ៕សម្រួលដោយ ទៀង បុណ្ណរី