លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ​ ដែលមានការសង្ស័យ​ថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័ស​ភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង​ ហើយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ​ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង​ ដែល​ត្រូវរង់ចាំ​ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។

ជាមួយគ្នានេះ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនីមួយៗ​ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ​ សូមធ្វើតេស្តរហ័ស​ ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ​ ដើម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​ ជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង