កសិករខេត្តសៀមរាបនិយមដំាដំណាំ តាមបច្ចេកទេសទំនើប
ខេត្តសៀមរាប ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២
.កសិករមួយរូបរស់នៅក្នុងខេត្តសៀមរាប បានជ្រើសរើសការងារដាំដុះដំណាំកសិកម្មរបស់ខ្លួន តាមបែបទំនើប ព្រោះអាចទទួលបានទិន្នផលខ្ពស់ ចំណេញច្រើនក្រោយពេលទទួលបានការគាំទ្រពីគម្រោងអាស្ប៉ាយ និងអង្គការដៃគូនានា។ លោក ស៊ា ស៊ីណាត សមាជិក ក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានឱ្យដឹងថា លោកទើបតែ ចាប់ផ្តើមការងារដាំដុះដំណាំកសិកម្ម រយៈពេលប្រមាណជាង៥ឆ្នាំប៉ុណ្ណោះ ដោយសារសង្កេតឃើញថា មុខរបរនេះមាន ភាពងាយស្រួល មិនបាច់ចំណាកស្រុកឆ្ងាយពីក្រុមគ្រួសារ និងអាចប្រមូលផលបន្លែលក់បានជាប្រចាំ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។ លោកបន្តថា បច្ចុប្បន្នលោកកំពុងត្រៀមដាំដុះដំណាំត្រសក់ ខណៈទើបបញ្ចប់ការប្រមូលផលដំណាំឆៃថាវ លក់ទៅកាន់ទីផ្សារ ដោយក្នុងទំហំផ្ទៃដី២៥ម៉ែត្រ គុណនឹង៤០ម៉ែត្រ អាចប្រមូលផលឆៃថាវ បានប្រមាណជិត៤តោន។លោកបន្តទៀតថា ក្រោយទទួលបានការគាំទ្រ ទាំងបច្ចេកទេស និងសម្ភារៈពីគម្រោងអង្គការដៃគូ និងគម្រោងអាស្ប៉ាយខេត្តសៀមរាប លោកជ្រើសរើសការដាំដុះដំណាំបែបទំនើប ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងគ្របកៅស៊ូពីលើ ព្រោះថា ការធ្វើបែបនេះ នាំឱ្យកសិករចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានទិន្នផលមកវិញច្រើន ជាងការដាំដុះតាមបែបបុរាណ។ «ដំណាំនេះវាមានអាយុ៤៥ថ្ងៃប៉ុណ្ណោះបើសិនវាកើតបានត្រឹម៣ទៅ៤តោន ចេះតែមើលគេទៅ ខ្ញុំមករៀនដាំខ្លួនឯង ដោយខែវាដល់ខែត្រជាក់គេដាំ ដល់រដូវក្តៅ ដូចខែនេះអីអត់ហ៊ានដាំទេ ដីវាស៊ី តាមបច្ចេកទេសអង្គការម្តង យើងគ្របតង់ ទិន្នផលចាញ់គេសព្វថ្ងៃទេ មកជួយមើលដំណាំយើង ដូចថា មានដង្កូវ មានមេ មានរោគអីគាត់ចុះមកប្រាប់យើង គាត់ជួយបច្ចេកទេស និងសម្ភារៈគាត់ជួយដូចជា ជី សំណាញ់អីគាត់ជួយយើង។ សូមជម្រាបផងដែរថា បច្ចុប្បន្ននេះកសិករភាគច្រើន និយមជ្រើសរើសការធ្វើកសិកម្មបែបទំនើប មានប្រព័ន្ធស្រោចស្រពល្អនិងទៀងទាត់។ វិធីទំនើប គឺប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធទុយោទឹក មានបំពង់ចែកចាយតូចៗ នៅចន្លោះរង អាចផ្តល់ទឹកឲ្យប្ញស ដោយផ្ទាល់រហូតដល់ប្រមូលផល ហេតុនេះវាផ្តល់ទឹក បានត្រឹមត្រូវជាងការ ស្រោចពីលើ និងជួយសន្សំសំចៃទឹកយ៉ាងមានប្រសិទ្ធភាព៕សម្រួលដោយ ទៀង បុណ្ណរី