ដំណាំគម្របដីមានសារៈសំខាន់ក្នុងផលិតកម្មកសិកម្ម

មន្ត្រីជំនាញកសិកម្ម បានបញ្ជាក់ថា ដំណាំគម្របដីមានសារៈសំខាន់ណាស់ក្នុងផលិតកម្មកសិកម្ម ដោយសារដំណាំប្រភេទនេះ អាចស្រូបអាសូតពីបរិយាកាស ផ្តល់ជីជាតិដល់ដី ធ្វើឱ្យដីផុស រក្សាសំណើមជាដើម ។ . លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ដំណាំគម្របដីផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន ៖ រុក្ខជាតិនោះអាចស្រូបអាសូតពីបរិយាកាសបញ្ជូនទៅប្ញស ហើយរលាយទៅក្នុងដីបង្កើតជាជីជាតិអាសូតទៅឲ្យដី , កាត់បន្ថយការប្រើប្រាស់ជីគីមី(ជីអ៊ុយរ៉េ ឬ ជី ស), ធ្វើឲ្យមានចន្លោះខ្យល់ដោយសារប្ញស រុក្ខជាតិពេលវាងាប់ទៅ , រក្សាសំណើមដីបានល្អទើបនៅរដូវប្រាំង បង្កើតមមោកដីកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ , រួមចំណែកស្រូបកាបូនពីបរិយាកាស(កាត់បន្ថយជាតិពុល) ផ្តល់ផលប្រយោជន៍ជាចំណីសត្វ , ចម្ការឃ្មុំ , បង្កើតទេសភាពសម្រាប់ភ្ញៀវទេសចរជាដើម។ លោកបន្តថា ដំណាំគម្របដី ក៏ជួយទប់ស្កាត់ការហូរច្រោះដី , ជួយកាត់បន្ថយរយៈពេលនិងបរិមាណទឹកស្រោចស្រព , កាត់បន្ថយស្មៅដុះ ហើយវាផ្តល់គ្រាប់អាចពង្រីកការដាំដុះ ដោយមិន ចាំបាច់ទិញទៀតនោះទេ ។ ដំណាំគម្របដី មានច្រើនប្រភេទអាស្រ័យទៅតាមប្រភេទដំណាំ ដោយរួមមានគម្របដីពូជចង្ក្រង់ស្វា ពូជស្តាយឡូ ពូជសណ្តែកផ្កា ជាដើម ។ « ខ្ញុំគិតថាដំណាំគម្របដីពិតជាសំខាន់ណាស់ នៅក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដោយយើងឃើញថា ដីរបស់យើងមានការសឹករេចរឹលពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការហូរច្រោះដោយទឹកភ្លៀងឬទឹកជំនន់ ឬខ្យល់ ហើយមួយផ្នែកធំតាមរយៈការស្រូបយកជីជាតិចិញ្ចឹមនៅក្នុងដីតាមរយៈការដាំដុះដំណាំ ដូច្នេះហើយបើសិនជាយើងមិនបានគិតគូរពីការគ្រប់គ្រងជីជាតិដីទេនោះ នឹងធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានមួយទៅថ្ងៃអនាគត។ដោយសារ ហេតុផលនេះហើយ ទើបមន្ទីរកសិកម្មមានគោលបំណងជំរុញ កសិករឲ្យមានការដាំដុះដំណាំគម្របដី ដើម្បីរួមចំណែករក្សាគុណភាពដីនិងជីជាតិដី » ។ លោកប្រធាន បានបន្ថែមថា បច្ចុប្បន្ននេះមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត បានជួយតាមដានតម្រង់ ទិសកសិករជាប់ជាប្រចាំ ដើម្បីបង្ហាញពីប្រសិទ្ធភាពពិតប្រាកដជូនដល់ប្រជាកសិករ និងទាញចំណាប់អារម្មណ៍កសិករមកលើដំណាំគម្របដីនេះ ដោយពង្រីកវិសាលភាពឱ្យបានកាន់តែធំ រួមចំណែកកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង