សណ្ឋាគារ ផ្ទះសំណាក់ ដែលបានបើកដំណើរការឡើងវិញ នៅក្រុងសៀមរាប ត្រូវបានភ្ញៀវទេសចរកក់បន្ទប់ស្នាក់នៅអស់ហើយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរនេះ

ខេត្តសៀមរាប ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២

លោក ង៉ូវ សេងកាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ សណ្ឋាគារ ផ្ទះសំណាក់ ដែលបានបើកដំណើរការឡើងវិញ នៅក្រុងសៀមរាប ត្រូវបានភ្ញៀវទេសចរកក់បន្ទប់ស្នាក់នៅអស់ហើយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ។

លោកថា នៅថ្ងៃទី១១ ខែមេសានេះ ចំនួនភ្ញៀវចូលមកកម្សាន្តនៅខេត្តសៀមរាប ចាប់ផ្តើមមានការកើនឡើងជាបន្តបន្ទាប់ហើយ ជាមួយគ្នានោះយើងក៏ឃើញមានភ្ញៀវទេសចរបរទេសចូលមកស្នាក់នៅ និងដើរកម្សាន្ត នៅក្នុងខេត្តសៀមរាបច្រើនផងដែរ។

លោកបានបន្តថា ចំនួនភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តសៀមរាប ចាប់ផ្តើមកើនឡើងនេះ ដោយសារតែនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំព្រឹត្តិការណ៍សៀម រាបសង្ក្រាន្ត នៅលើទីតាំងចំនួនពីរ គឺនៅក្នុងក្រុងសៀមរាប និងនៅប្រាសាទចៅសាយទេវតា។ ដែលមានកម្មវិធីកម្សាន្ត និងកម្មវិធីសាសនាជាច្រើន ជាមូយគ្នានេះក្រុងសៀមរាប ក៏ទទួលបានសមិទ្ធផលថ្មីផ្លូវ៣៨ខ្សែ ដែលធ្វើឱ្យភ្ញៀវទេសចរចង់មកឃើញភាពស្រស់ស្អាតខេត្តសៀមរាបដោយផ្ទាល់។

ដោយឡែក លោក ហ៊្វីលិប កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប ក៏បានលើកឡើងដែរថា សណ្ឋាគារ នៅក្រុងសៀមរាប ពិតជាត្រូវបានការកក់បន្ទប់ស្នាក់អស់ហើយមែន។លោកយល់ឃើញថា នេះជាសញ្ញាដ៏ល្អមួយសម្រាប់ខេត្តសៀមរាប ក្នុងការធ្វើសេដ្ឋកិច្ចនៅក្នុងខេត្តនេះ ចាប់ផ្តើមល្អប្រសើរឡើងវិជាញបណ្តើរៗ។ លោកបន្តថា សណ្ឋាគារនៅក្រុងសៀម រាប ដែលបានបើកដំណើរការឡើងវិញរហូតមកដល់ពេលនេះ គឺមានប្រមាណជា៣០ភាគប៉ុណ្ណោះហើយសណ្ឋាគារទាំងនេះ ជាប្រភេទខ្នាតមធ្យម សម្រាប់សណ្ឋាគារធំ នៅមិនបានបើកឡើងវិញ ឱ្យបានទូលំទូលាយនោះទេ។

សូមបញ្ជាក់ថា តាមការសង្កេតឃើញជាក់ស្តែង នៅតាមរមណីយដ្ឋាន និងនៅតាមដង ស្ទឹងសៀមរាប យើងឃើញមានភ្ញៀវទេសចរមកកម្សាន្តច្រើន ហើយអ្នកបម្រើសេវាកម្មដឹកជញ្ជូន ក៏ដូចជា រ៉ឺម៉កកង់បី (ផាសអាប់) បានចាប់ផ្តើមតម្រៀប និងដឹកភ្ញៀវទេសចរ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង