ឯកឧត្តម ថង សាវុន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និង គ្រួសារ
រសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន មន្ទីរ និង មន្រ្តី ពាក់ព័ន្ធ លោកស្នងការរង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធ ជនពិការ គ្រួសារកងទ័ព ចំនួន ៥០ គ្រួសារ ដែលពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវការផ្តាំផ្ញើ នូវការនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីជីវភាព សុខទុក្ខ ការលំបាករបស់បងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់យ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រទេសជាតិរបស់យើង ។ ការលះបង់របស់អតីតយុទ្ធជន ក្នុងការសង្គ្រោះប្រជាពលរដ្ឋ មាតុភូមិកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហម ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសដឹងគុណ និងចងចាំជានិច្ចក្នុងក្រអៅបេះដូង ចងចាំថ្ងៃ ៧ មករាជាថ្ងៃកំណើតទី ២ របស់យើង ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ជាង ២ទសវត្សរ៍ចុងក្រោយនេះ មាតុភូមិយើងទទួលបានសុខសន្តិភាពពេញលេញ ប្រទេសមានការអភិវឌ្ឍន៍យ៉ាងលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារ មានសិទ្ធិសេរីភាពពេញលេញ ដែលទាំងអស់នេះបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់ របស់អតីតយុទ្ធជន ពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានស្វែងរកសន្តិភាពដោយលំបាកជូនដល់មាតុភូមិយើង ។ ដូច្នោះហើយ សន្តិភាពគឺជាកត្តាចាំបាច់បំផុតសម្រាប់ប្រទេស ដែលយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារឲ្យបានជាដាច់ខាត និងត្រូវអរគុណដល់ស្ថាបនិកសន្តិភាពរបស់យើង គឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យើងមិនត្រូវចាញ់បោកការឃោសនាអគតិ ឬ ការញុះញង់ណាមួយ ដែលបង្ករឲ្យមានអស្ថេរភាព ចលាចលក្នុងសង្គម ។
តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី សមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគីរីមានសមាជិកសរុបចំនួន ២៩៤ នាក់ ក្នុងនោះមាន ÷ និវត្តជនចំនួន ២៣០ នាក់ ជនពិការចំនួន ៣៦ នាក់ ជនបាត់បង់ ចំនួន ៣ នាក់ គ្រួសារពលីចំនួន ១៧នាក់ គ្រួសារមរណៈ ចំនួន ៨ នាក់ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់អតីតយុទ្ធជនពិការ និងគ្រួសារកងទ័ព ចំនួន ៥០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ក ២៥ គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ជេលលាងដៃ ម៉ាស់ និង ថវិកាចំនួន ៧ម៉ឺនរៀល ។ ដោយឡែកសម្រាប់គ្រួសារមរណៈចំនួន ១ គ្រួសារ ទទួលបានថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤ លានរៀល ៕សម្រួលដោយ ទៀង បុណ្ណរី