មនុស្ស៦០នាក់ស្លាប់ និងរាប់រយនាក់ទៀតបាត់ខ្លួន ក្នុងគ្រោះមហន្តរាយលិចទូកនៅកុងហ្គា
TNM(កុងហ្គា) ៖ យ៉ាងហោចណាស់មនុស្ស៦០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅទន្លេកុងហ្គោនៅភាគខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
រដ្ឋមន្ត្រីទទួលបន្ទុកសកម្មភាពមនុស្សធម៌ លោក Steve Mbikayi បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃច័ន្ទថា មនុស្ស៧០០នាក់នៅលើទូកដែលលិចនៅក្បែរភូមិ Longola Ekoti ក្នុងខេត្ត Mai-Ndombe កាលពីយប់មិញ។
លោក Mbikayi និយាយថា “រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស៦០នាក់និងអ្នកនៅរស់៣០០នាក់។ នៅមានអ្នកបាត់ខ្លួនជាច្រើនទៀតបន្ទាប់ពីការលិចនេះ”។
ទូកនេះបានចាកចេញពីរដ្ឋធានី Kinshasa ហើយកំពុងធ្វើដំណើរទៅកាន់ខេត្ត Equator។ លោករដ្ឋមន្ត្រីបាននិយាយថា “មូលហេតុចម្បងនៃការលិចនេះ គឺដោយសារការផ្ទុកទំនិញច្រើនពេកនិងអ្នកដំណើរច្រើនហួស”។
គួរបញ្ជាក់ថា គ្រោះថ្នាក់លិចទូកតែងតែកើតឡើងនៅក្នុងប្រទេសសម្បូររ៉ែមួយនេះ ពីព្រោះជាញឹកញាប់ទូកផ្ទុកទំនិញនិងអ្នកដំណើរច្រើនហួស។ ភាគច្រើននៃអ្នកដំណើរតាមទូកក៏មិនពាក់អាវពោងការពារអាយុជីវិតដែរ៕