កិច្ចប្រជុំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២១)
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ មន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២១) ដោយមានការអញ្ជើញចូលរួមពី លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ លោក សួន សុម៉ាលីន អភិបាលរងខេត្ត និងឯកឧត្តម សៀក សុភ័គ អគ្គនាយក រងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ត្រីអង្គភាពជុំវិញ ខេត្ត។
ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា៖ ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងទិសដៅ ច្បាស់លាស់ជាដំណាក់ៗរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបន្ត អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាផង និងដើម្បីឆ្លើយតបទៅនឹងដំណើរការនៃការផ្លាស់ប្តូរជារចនាសម្ព័ន្ធសង្គមកិច្ច សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ទាំងនៅក្នុងកម្រិតតំបន់ និង ពិភពលោក។
លោក ប្រធានមន្ទីរ បានលើកឡើងថា ដោយផ្អែកតាមលិខិតលេខ ៧៧៩ សហវ.អទច ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លិខិតលេខ ១៨៣/ ២២ សជណ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង ស្ដីពីការរៀបចំបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២១ និងជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ អចលវត្ថុ។ រដ្ឋបាលខេត្ត ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ជាសេនាធិការ បានរៀបចំឯកសារពាក់ព័ន្ធដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដោយមានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួង-ស្ថាប័នរដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់នីមួយៗចូលរួម ត្រួតពិនិត្យ និងផ្គូរផ្គងជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឲ្យ កាន់តែមានគុណភាពល្អ ប្រសិទ្ធភាព និងគណនេយ្យភាព។
លោក ប្រធាន មន្ទីរ បន្តទៀតថា ក្នុងការអនុវត្តកន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការ របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយបានរៀបចំនូវលិខិតបទដ្ឋានគតិយុត្ត និងបានចុះធ្វើការណែនាំ ផ្សព្វផ្សាយដល់អាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជាប្រចាំ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ជាក់ស្ដែងថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដំណាក់កាលទី១ តាមរយៈសារាចរណែនាំលេខ ០១២ សហវ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
ក្នុងនោះលោកប្រធាន មន្ទីរ មានសង្ឃឹមយ៉ាងមុតមាំថា អង្គពិធីនេះ នឹងផ្តល់ធាតុចូលបន្ថែមយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើន សមត្ថភាពដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែកដើម្បីពង្រឹងការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភណ្ឌ ឲ្យកាន់តែមានគុណភាពល្អ ប្រសិទ្ធភាព សង្គតិភាព សុក្រឹតភាព គណនេយ្យភាព និងតម្លាភាព ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរ និងសូមប្រកាសបើកកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និង វាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២១) ចាប់ពីពេលនេះតទៅ។
ឯកឧត្តម សៀក សុភ័ក អគ្គនាយករងនៃអគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានកំណត់ជាច្បាប់គ្រប់គ្រងដែលតម្រូវឲ្យអាជ្ញាធរកាន់កាប់ និងអ្នកពាក់ព័ន្ធនិង អង្គភាពប្រើប្រាស់នេះជាសារពើភណ្ឌ ការរៀបចំបញ្ជីសារពើភ័ណ្ឌគឺសំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យើងដឹងស្រាប់ហើយក្រសួងហិរញ្ញវត្ថុចំណាយប្រចាំឆ្នាំ
មានចំណាយលើសពីប្រាក់ខែបុគ្គលិកលើវិនិយោគទិញលើទ្រព្យ សម្បត្តិជាដើម បើសិនយើងរៀបចំមិនបានល្អទេ ការចំណាយក៏មិនបានល្អដែរ ហើយការប្រើប្រាស់នេះក៏ពាក់ព័ន្ធទៅដល់ ការរកចំណូលមកវិញ ជាមធ្យោបាយហើយមួយដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ហើយក៏មានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសេវាសាធារណៈ។ កន្លងមក អាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់មួយចំនួន គាត់ពុំសូវផ្តល់តម្លៃទៅលើការគ្រប់គ្រងនេះទេ ដូចជាសារពើភ័ណ្ឌនេះ ទេ តាមពិតនេះជារឿងសំខាន់ពាក់ព័ន្ធនិងស្វែងរកថវិកា ព្រោះយើងគ្រប់គ្រងថវិកាប្រចាំឆ្នាំ គេត្រូវមើលទៀតថាត្រូវការ ថវិកាអីខ្លះ ព្រោះថវិកាប្រចាំឆ្នាំសំខាន់ណាស់៕សម្រួលដោយ ទៀង បុណ្ណរី