មន្រ្តីនគរបាលជាន់ខ្ពស់ទេសចរណ៍ជំរុញឱ្យអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ការពារភ្ញៀវទេសចរនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឱ្យបានល្អប្រសើរ

 ខេត្តសៀមរាប ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២

ឯកឧត្ដម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីអាក់ខានមិនបានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរអស់រយៈពេល២ឆ្នាំដោយសារតែការរាតត្បាតខ្លាំងនៃមេរោគកូវីដ១៩។

ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានបន្តថា សម្រាប់ឆ្នាំនេះ ខេត្តសៀមរាប និងមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើន ដោយសារខេត្តសៀមរាប មានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន ដែលជាព្រឹត្តិការណ៍មួយមានភាពទាក់ទាញ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបានណែនាំដល់មន្រ្តីនគរបាលទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារភ្ញៀវទេសចរណ៍ជាតិ និងបរទេស ដែលមកកម្សាន្តក្នុងខេត្តសៀមរាបនេះ ឱ្យបានល្អប្រសើរ។ ការលើកឡើងរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯកបែបនេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៨ខែ មេសា ឆ្នាំ២០២២។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា តាមការណែនាំរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺជំរុញឱ្យអង្គភាពនគរបាលទេសចរណ៍ ខិតខំការពារភ្ញៀវទេសចរឱ្យបានកាន់តែល្អបន្ថែមទៀត កុំឱ្យមានអំពើឆក់ លួច សម្ភាររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅខេត្តរបស់យើង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវ។ ជាមួយគ្នានេះ មន្រ្តីនគរបាលទេសចរណ៍ទាំងអស់ ជួយសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាផ្សេងៗ ដែលភ្ញៀវទេសចរបានជួបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានកោតសរសើរចំពោះអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដែលតែងតែរៀបចំគ្រប់គ្រងកម្លាំងបានល្អ រឹតបន្តឹងត្រួតពិនិត្យ ចំពោះបទល្មើស ឆក់ ប្លន់ ត្រូវបង្ក្រាបបាន។ ដោយឡែកចំពោះ បទល្មើសទៅលើភ្ញៀវទេសចរក្នុងឆ្នាំ២០២១កន្លងទៅ មានការថយចុះ គួរឱ្យកត់សម្គាល់ ដោយសារការព្យាយាមថែរក្សាសណ្តាប់សុវត្ថិភាព របស់នគរបាលទេសចរណ៍ផង និងភ្ញៀវទេសចរមកកម្សាន្តមិនច្រើនដូចមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

  

អត្ថបទដែលជាប់ទាក់ទង