រដ្ឋបាលជលផល ក្រើនរំលឹកឱ្យប្រជាសហគមន៍នេសាទ បង្កើនការអភិរក្សត្រីមេពូជបន្ថែមនៅតាមតំបន់ទន្លេមេគង្គលើ

រដ្ឋបាលជលផល បានប្រកាសរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី ១ខែឧសភាតទៅ  ដើម្បីអភិរក្សធនធានជីវ:ចម្រុះ និងមច្ឆជាតិនៅទន្លេមេគង្គលើ ហើយប្រជាសហគមន៍នេសាទ  ត្រូវបន្តការផ្សព្វផ្សាយច្បាប់ជលផលបន្ថែមឱ្យបានទូលាយទៅដល់មូលដ្ឋាន។

      ក្នុងសិក្ខាសាលាស្តីពីសមិទ្ធផលសម្រេចបាននៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គលើ ដំណាក់កាលទី៣ សមាសភាគទី១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងថ្ងៃទី០៨ខែមេសានេះ  លោកឆេង ផែន អគ្គនាយករងនៃរដ្ឋបាលជលផលមានប្រសាសន៍ថា៖ ប្រជាសហគមន៍នេសាទមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិរក្សធនធានជលផល ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្តល់សេចក្តីទុកចិត្តបង្កើតជាសហគមន៍នេសាទរួចមកហើយ។

        លោកបន្តថា៖ភារកិច្ចដ៏សំខាន់នេះគឺនាំគ្នាបង្កើនការគ្រប់គ្រងនិងចុះល្បាតឱ្យបានសកម្មដើម្បីអភិរក្សធនធានមច្ឆជាតិនៅទន្លេមេគង្គលើឱ្យវាមានសម្បូរបែប ពិសេសពូជត្រីសំខាន់ៗដែលកំពុងរងគ្រោះថ្នាក់ កុំឱ្យវាបាត់បង់និងផុតពូជ ។

        លោក ស្រី សុវិចិត្រ  នាយរងខណ្ឌជលផលស្តីទីស្ទឹងត្រែង  បានបញ្ជាក់ថា៖ ប្រជាសហគមន៍អ្នកនេសាទនៅខេត្តស្ទឹងត្រែងពួកគាត់មានឆន្ទៈស្រឡាញ់ធនធានជីវ:ចម្រុះ និងគោរពច្បាប់ជលផលបានខ្ជាប់ខ្ជួន។

   លោកសំណូមពរបន្ថែម នៅរដូវបិទនេសាទខាងមុខនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ  ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះយើងរួមគ្នាអនុវត្តច្បាប់បានល្អ  និងមានការឃាត់ខ្លួនជនសង្ស័យ  យកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។

        លោកម៉ៅលួន ប្រធានសហគមន៍នេសាទអន្លង់ស្វាយ  ឃុំអូររៃស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖បច្ចុប្បន្ននៅមានជនខិលខូចមួយចំនួននៅបន្តលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ ដូចជាឆក់ក្ដៅ- និងឆក់ត្រជាក់- និង លួចដាក់មង ក្នុងអន្លុងអភិរក្សជាដើម ធ្វើឱ្យប៉ះពាល់ដល់ត្រីមេពូជ ។

      លោកទូចប៊ុនថនប្រធានស្តីទីវិទ្យាស្ថានស្រាវជ្រាវនិងការអភិវឌ្ឍវារីវប្បកម្មទឹកសាបបានបញ្ជាក់ថា៖គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គលើនៅបន្តគាំទ្រសហគមន៍នេសាទចំនួន៥០សហគមន៍ក្នុងនោះនៅខេត្តស្ទឹងត្រែង៣៥និងខេត្តក្រចេះចំនួន៣៥សហគមន៍ទាំងមធ្យោបាយសម្ភារ ថវិកា ដើម្បីការអភិរក្សធនធានជីវ:ចម្រុះដែលជារបស់យើងទាំងអស់ គ្នាឱ្យមានប្រសិទ្ធភាព។

គួររម្លឹកថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់បញ្ចូលសហគមន៍នេសាទខេត្តស្ទឹងត្រែងពេញសិទ្ធិ បានចំនួន៥២ សហគមន៍ហើយក្នុងចំណោមសហគមន៍នេសាទចំនួន៦២ ដែលបានបង្កើតឡើង។

     សូមបញ្ជាក់ថា៖ខេត្តស្ទឹង ត្រែងចាប់បិទនេសាទពីថ្ងៃទី ១ឧសភា មុនបិទជាសកលមួយខែដោយសារតែនៅទន្លេមេគង្គលើមានអន្លង់អភិរក្ស ចំនួន៦០ ជាសម្បុកត្រីពងកូន ជាពិសេសត្រីប៉ាសេអុី៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង