ឯកឧត្តម ហ៊ុន ម៉ាណែត វិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយមិនទាន់មានករណីឆ្លងជម្ងឺកូវីដ-១៩ ច្រើន ហើយករណីស្លាប់នៅក្នុងប្រទេសក៏មិនទាន់មាន ខណៈដែលប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោកកំពុងបន្តរងគ្រោះខ្លាំង។ លទ្ធផលដែលទទួលបានទាំងនេះ គឺដោយសារការចាត់វិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ជាពិសេសការដឹកនាំដោយផ្ទាល់របស់សម្តេចតេជោ ក្នុងការអនុវត្តវិធានតឹងរឹងនានា និងដោយមានការចូលរួមជ្រោមជ្រែងរបស់មន្ត្រីគ្រប់ជំនាញនៃក្រសួងសុខាភិបាល បណ្តាស្ថាប័ន-អង្គភាពស៊ីវិល និងកងកម្លាំងគ្រប់ប្រភេទទាំងអស់ ហើយជាពិសេសពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានរួមគ្នាក្នុងការគោរពតាមការណែនាំ និងចូលរួមអនុវត្តវិធានការពារនានារបស់ក្រសួងសុខាភិបាល។
ជំហានបន្ទាប់ គឺការចាក់ថ្នាំការពារ ដើម្បីបង្កើននូវសមត្ថភាពនៃប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់យើង ដើម្បីជួយទប់ស្កាត់នូវការឆ្លងជម្ងឺនេះ ប្រយោជន៍គឺជួយកាត់បន្ថយការរីករាលដាលទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង។ ចំពោះមុខត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន ក្រុមគ្រួសារ អង្គភាព និងសហគមន៍ ហើយត្រៀមលក្ខណៈអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបទបញ្ជាជាក់ស្តែង ព្រមទាំងធ្វើការត្រៀមលក្ខណៈដើម្បីទទួលយកនូវការចាក់វ៉ាក់សាំងដោយគោរពទៅតាមគោលការណ៍ស្ម័គ្រចិត្ត៕