ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ដឹកនាំប្រតិភូចុះសំណេះសំណាល និងនាំយកអំណោយចែកជូនកងទ័ពនៅបញ្ជាការ​ដ្ឋានយោធភូមិភាគទី​៤

ខេត្តសៀមរាប៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូដែលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ អមដោយវត្តមានឯកឧត្ដម ឡុង កុសល អគ្គនាយករងអាជ្ញាជាតិអប្សរា លោកជំទាវ ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ចុះសំណេះសំណាល និងនាំយកអំណោយចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហានដែលចំណុះក្រោមបញ្ជាការដ្ឋានកងយោធភូមិភាគទី៤ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងយោធភូមិភាគទី៤ បានធ្វើសេចក្តីរាយការណ៍ជូនគណៈអធិបតីមកពីក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា អំពីការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ប្រជាជន និងភ្ញៀវទេសចរ ការការពារបូរណភាពទឹកដី ការការពារនៅតាមព្រំដែន ព្រមទាំងចូលរួមការចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលកន្លងមក និងពេលបច្ចុប្បន្ន។
ឯកឧត្ដម ថោង ខុន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហានប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានដែលចំណុះក្រោមបញ្ជាការដ្ឋានកងយោធភូមិភាគទី៤ ក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ការការពារបូរណភាពទឹកដី ព្រមទាំងចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនប្រកបដោយភាពជោគជ័យ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីការបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ក៏ដូចជាសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដែលបានជំរុញឱ្យវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ចាប់ផ្ដើមកម្រើកឡើងវិញដែរ។
ឯកឧត្ដមបានបន្តលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀត ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងដូចជាការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្តរបស់ជាតិ ការដាក់សម្ពោធឱ្យប្រើប្រាស់សមិទ្ធផលផ្លូវនៅខេត្តព្រះសីហនុ ស្ពានអាកាស ស្ពានឆ្លងទន្លេ និងផ្លូវជាច្រើនទៀត មន្ទីរពេទ្យធំៗ សាលារៀន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពិសេសនៅខេត្តសៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រីទើបតែបានសមិទ្ធផលផ្លូវទាំង៣៨ខ្សែ ព្រមទាំងការកំពុងកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ការរៀបចំគោលដៅទេសចរណ៍ធំៗទាំង៦នៅខេត្តសៀមរាប មានតំបន់រមណីយដ្ឋានអង្គរ តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់បឹងទន្លេសាប តំបន់ក្រុងសៀមរាបចាស់ និងការបង្កើតក្រុងសៀមរាបថ្មីចម្ងាយ៦០គីឡូម៉ែត្រភាគខាងកើតក្រុងសៀមរាបចាស់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានសំណូមពរដល់ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានដែលចំណុះក្រោមបញ្ជាការដ្ឋានកងយោធភូមិភាគទី៤ សូមបន្តការការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ប្រជាជន និងភ្ញៀវទេសចរឱ្យល្អប្រសើរថែមទៀត ពិសេសអំលុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអំលុងពេលដែលកម្ពុជាបើកទទួលទេសចរឡើងវិញក្រោមទស្សនាទាន «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ»។
នាឱកាសនោះដែរ ក្រសួងទេសចរណ៍ក៏បាននាំយកអំណោយមួយចំនួនប្រគល់ជូនបញ្ជាការដ្ឋានកងយោធភូមិភាគទី៤ផងដែរ ដែលក្នុងនោះរួមមានភេសជ្ជៈចំនួន៥០យួរ ទឹកពិសាបរិសុទ្ធចំនួន១០០កេស មីជាតិចំនួន១០០កេស ទឹកត្រីចំនួន៨០យួរ ទឹកស៉ីអ៉ីវចំនួន៨០យួរ ស្រាបៀកម្ពុជាចំនួន១០០កេស ហើយអាជ្ញាធរជាតិអប្សរាក៏បានចូលរួមឧបត្ថម្ភស្រាបៀអង្គរចំនួន១០កេស។ ក្រៅពីនេះ ក៏បានការប្រគល់ថវិការបស់ក្រសួងទេសចរណ៍ចំនួន៨,០០០,០០០រៀល ថវិការបស់គ្រឹះស្ថានអង្គរចំនួន១០,០០០,០០០រៀល និងថវិការបស់សមាគមទេសចរណ៍កម្ពុជាចំនួន១,០០០ដុល្លារអាមេរិក៕
 
អត្ថបទដែលជាប់ទាក់ទង