ដ្ឋមន្ត្រីក្រសួងអប់រំៈ ដើម្បីវិនិយោគទៅលើការអប់រំ យើងមិនត្រូវវិនិយោគតែការកសាង ហេដ្ឋារចនាសម្ព័ន្ធរឹងតែមួយមុខទេ ត្រូវពង្រឹងលើការគ្រប់គ្រង ការរៀន និងការបង្រៀន

ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន គូសបញ្ជាក់ថា ដើម្បីវិនិយោគទៅលើការអប់រំ គឺយើងមិនត្រូវវិនិយោគតែការកសាងហេដ្ឋា រចនាសម្ព័ន្ធរឹងតែមួយមុខ គឺមិនអាចកែលម្អសាលារៀនបានទេ ដោយមិនបានពង្រឹងទៅលើការគ្រប់គ្រង ពង្រឹងការរៀន និងការបង្រៀន ហើយមិនអាចសម្រេចបានលទ្ធផលទៅតាមអ្វីដែលយើងចង់បានទេ។

ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបន្ទប់សុខភាព(អគារE) សាលាបឋមសិក្សាអនុវត្តន៍(អគារJ) និងវិទ្យាល័យអនុវត្តន៍ (អគារF) ដែលប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួសជុល កែលម្អឡើងវិញ និងបំពាក់សម្ភារ បរិក្ខារគ្រប់គ្រាន់ទៅតាមស្តង់ដារសាលាជំនាន់ថ្មី នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា នេះជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងសាលាបឋមសិក្សាអនុវត្តន៍ និងវិទ្យាល័យអនុវត្តដែលក្រសួងអប់រំ យុវជន និងកីឡាបានប្រមូលនូវធនធានថវិកាជួសជុលទាំងអស់របស់ក្រសួង មកផ្តោតទៅលើកែលម្អនៅវិទ្យាស្ថានជាតិអប់រំ ជាពិសេសអគារដែលត្រូវបានជួសជុលដោយ ធនាគារ ADB ដែលនេះជាដំណាក់កាលទី១ ផ្សាភ្ជាប់ទៅនឹងសាលាជំនាន់ថ្មីតែម្តង ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ មានកន្លែងធ្វើកម្មសិក្សាគរុកោសល្យបានជាក់ស្តែង និងមានលក្ខណៈស្តង់ដារខ្ពស់ ក្នុងការអនុវត្តនូវវិធីសាស្រ្តថ្មី និងប្រែក្លាយទៅជាកន្លែងស្រាវជ្រាវគរុកោសល្យផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានវាយតម្លៃខ្ពស់ចំពោះការចូលរួម គាំទ្ររបស់ថ្នាក់ដឹកនាំ គណៈកម្មការកំណែទម្រង់ ក្នុងការជួយកែលម្អសាលានេះឱក្លាយ ទៅជាសាលាជំនាន់ថ្មី។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍ដល់សាលាបឋមសិក្សាអនុវត្តន៍ដាក់បញ្ចូល នូវអំណានដំបូង និងគណិតដំបូង និងចុះមើលដោយផ្ទាល់នូវការបង្រៀនរបស់គ្រូល្អ អំណានដំបូង និងគណិតដំបូង ដោយសហការជាមួយនាយកដ្ឋានបឋម និងមានការរង្វាយ តម្លៃពីនាយកដ្ឋានធានាគុណភាពអប់រំ។ ចំពោះមធ្យមសិក្សាយើង ត្រូវមើលសាលាដែល គេអនុវត្តន៍បានល្អ ដូចជាសាលាជំនាន់ថ្មីដែលមានស្តង់ដារខ្ពស់ មើលពីរបៀបគ្រប់គ្រង របៀបបង្រៀន និងធ្វើការស្រាវជ្រាវជាប្រចាំ ទើបទទួលបានលទ្ធផល៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង