ពិធីប្រកាសតែងតាំង អភិបាលរងខេត្តរតនគិរី
ខេត្តរតនគិរី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២
នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែន ខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន០១រូប ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
បន្ទាប់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តរួចមក តំណាងក្រសួងមហាផ្ទែបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងមន្រ្តីរាជការ ដោយអនុក្រឹត្យសម្រេចតែងតាំង លោក ឌុច ចាន់តូ ឋាន្តរស័ក្តមន្រ្តីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្រ្តីបច្ចេកទេសជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអោយកាន់មុខតំណែង ជាអភិបាលរង ខេត្តរតនគិរី ។
លោក ឌុច ចាន់តូ ដែលទើបទទួលបានមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ខិតខំអនុវត្ត និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត, គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលមានអភិបាលកិច្ចល្អជាស្នូល ដើម្បីចូលរួមអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, គោរព និងអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តិ ជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់,ពង្រឹងថែរក្សា ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាលខេត្ត បង្កើនការទំនាក់ទំនង ល្អជាមួយក្រុមប្រឹក្សាខេត្ត ព្រមទាំងយកចិត្តទុកដាក់បង្កើនភាពស្និតស្នាល និងលើកទឹកចិត្ត ដល់មន្ត្រីរាជការក្រោមឱវាទឱ្យដូចជាសមាជិកនៃគ្រួសារតែមួយ ជាពិសេសបន្តសហប្រតិបត្តិការល្អជាមួយ គ្រប់ថ្នាក់នគ្រប់ផ្នែក និងអ្នកពាក់ព័ន្ធ មន្ទីរអង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា និងនៅតាមបណ្ដារដ្ឋបាលមូលដ្ឋានក្នុងខេត្ត, បន្តការខិតខំក្នុងជួរគណៈអភិបាលខេត្ត ដើម្បីទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្ម នានាដែលធ្វើឱ្យប៉ះពាល់ ឬបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ដោះ ស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកាត់បន្ថយអំពើរំលោភអំណោច និងអយុត្តិធម៌សង្គម ដោយ ប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥របស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់,
ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ដែលបានចូលរួមចំណែកនូវក្នុងការរក្សាស្ថេរភាពសង្គមបានយ៉ាងល្អប្រសើរ។
ឯកឧត្តម បានផ្តាំផ្ញើដល់គណៈអភិបាលខេត្ត ក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនឹងនេះ ត្រូវរួមគ្នារក្សាស្ថេរភាព ប្រទេស ជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្ករអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ។ ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ៕សម្រួលដោយ ទៀង បុណ្ណរី