អាជ្ញាធរទន្លេសាបរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីរបាយការណ៍គ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់
ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២
នៅថ្ងៃ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ លោក ខូវ មាស អគ្គលេខាធិការរង និង លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីរបាយការណ៍ចុងក្រោយ សម្រាប់គ្រប់គ្រងហានិភ័យពីគ្រោះទឹកជំនន់។
លោក ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលា រួមមាន បង្កើនការយល់ដឹងរួមគ្នាអំពីរបាយការណ៍សិក្សាបឋមដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០ ពិនិត្យលើធាតុចូល វិធីសាស្រ្ត និង គុណភាពនៃរបាយការណ៍ផ្អែកលើមតិយោបល់ របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានស្នើកែសម្រួល និងពិនិត្យលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ សម្រាប់បញ្ចប់របាយការណ៍ចុងក្រោយ។
សិក្ខាសាលានោះ ក៏បានផ្តោតសំខាន់ទៅលើការសិក្សា សម្រាប់គ្រប់គ្រងហានិភ័យពីគ្រោះទឹកជំនន់ ដើម្បីដោះស្រាយ មតិយោបល់របស់កម្ពុជា និង ការវាយតម្លៃគុណភាពរបាយការណ៍ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី