ស្ពានបុរាណតាអោងទទួលបានការជួសជុល ក្នុងដំណាក់កាលទីពីរ ដោយអាជ្ញាធរជាតិអប្សរា

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលដំណាក់កាលទីពីរ ស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅ ក្នុងសម័យអង្គរ ដែលកំពុង មានភាពទ្រុឌទ្រោមទៅហើយ ដើម្បី ឱ្យមានលក្ខណៈរឹងមាំឡើងវិញ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោក ពុទ្ធ សុទ្ធ មន្ត្រីទទួល បន្ទុកការដ្ឋានជួសជុលស្ពានតាអោង បានឱ្យដឹងថា នៅផ្នែកខាងត្បូងរបស់ស្ពានតាអោង គឺមានការទ្រុឌទ្រោមខ្លាំងដូចជា ថ្ម រលុះធ្លាក់ពីរកន្លែង និងជញ្ជាំងស្ពានរហែកចេញមួយកន្លែង ដូច្នេះចាប់ពីដើមខែមេសានេះតទៅ ក្រុម ការងារនឹងចាប់ផ្តើមដំណើរការជួសជុល ស្ពានបុរាណនេះ ក្នុងដំណាក់កាលទីពីរ ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ២០២២ខាងមុខ។ លោកបន្តថា ការជួសជុលពង្រឹង គ្រឹះស្ពានបុរាណនេះ ក្នុងគោលបំណងជួយពង្រឹងរចនាសម្ព័ន្ធរបស់ស្ពានឱ្យរឹង មាំឡើងវិញផង និងរក្សាឱ្យបាននូវអាយុកាលយូរអង្វែងបន្តទៅទៀតផង ពិសេស គឺជួយសម្រួលចរន្តទឹកហូរដើម្បីបញ្ចៀសចេញពីការជន់លិច ព្រមទាំងឱ្យប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់មានភាពងាយ ស្រួល និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះឱ្យកាន់តែច្រើនថែម ទៀតផង ។ លោកបានបញ្ជាក់ទៀតថា ដំណើរការជួសជុលពេលនេះ គឺ ក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម ពង្រឹងសសរស្ពានដែលរលុះធ្លាក់ ព្រមទាំងជួសជុលជញ្ជាំងរហែកនៅផ្នែកខាង កើតឱ្យត្រូវ តាមលំនាំដើមឡើងវិញ និងការជួសជុលពង្រឹងបង្កាន់ដៃនាគដាក់ចូលទីតាំងដើមឡើងវិញ សរុបប្រវែង ៧០ម៉ែត្រ។ នៅឆ្នាំ២០១៩និង ២០២០ស្ពាននេះបានទ្រុឌ ទ្រោមខ្លាំងទាំងសងខាង ដូចស្លាបខាងជើង និងខាងត្បូង ក៏ប៉ុន្តែនៅឆ្នាំ២០២០នោះ យើងបានជួសជុលផ្នែកខាង ជើងរួចម្តងហើយ ក្នុងដំណាក់ កាលទីមួយ ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំងណាស់ ប្រឈមនឹងការរលំធ្លាក់បន្តទៅទៀត បើសិនគ្មានការអភិរក្សនិងជួសជុលបន្ទាន់ ហើយនៅឆ្នាំ២០២២នេះ យើងបានអនុវត្តគម្រោងជួសជុលដំណាក់កាលទីពីរ នៅស្លាបខាងត្បូងដែលមានសសរដួលរលំ២កន្លែង សសរជើងក្រោម និងស្នាមប្រេះហែកនៅផ្នែកខាងកើតមួយកន្លែង និងបង្កាន់ដៃនាគប្រវែង៧០ម៉ែត្រ យើងរើជួស ជុលនិងដំឡើងបង្កាន់ដៃនាគឡើងវិញ ចំណែករលុះធ្លាក់សសរខាងក្រោម យើងរើសសរពុកផុយចេញ រៀបសសរថ្មីឡើង ដើម្បីពង្រឹងស្ពាននេះឱ្យយូរអង្វែងតទៅទៀត។ សូមជម្រាបផងដែរថា ស្ពានបុរាណតោអោង មានទីតាំង នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបសាង សង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ធ្វើអំពីថ្មភក់ និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគ។ ស្ពាននេះ សាងឡើងនាសម័យអង្គរក្នុងរចនា ប័ទ្មបាយ័ន្ត ដោយយោងទៅ លើបង្កាន់ដៃនាគ។ កាលពីឆ្នាំ២០២០កន្លងទៅ អ្នកជំនា ញនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលស្ពានតាអោង នេះ ម្តងមកហើយនៅដំណាក់ កាលទី១ ដោយកាលណោះ ការជួសជុលបានធ្វើនៅផ្នែកខាងជើងដូចជា បង្កាន់ដៃនាគ ពង្រឹងជញ្ជាំងសសរចំនួន១១ និងការកាយដីកកស្ទះ ដើម្បីសម្រួលដល់ផ្លូវទឹកហូរឆ្លងកាត់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង