លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អនុញ្ញាតឱ្យក្រុមការងារមន្ត្រីព័ត៌មានវិទ្យាខេត្ត ជួបរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងរយៈពេលកន្លងមក

នៅថ្ងៃចន្ទទី៤ ខែមេសា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានផ្តល់កិត្តិយស អនុញ្ញាតឱ្យក្រុមការងារមន្ត្រីព័ត៌មានវិទ្យាខេត្ត ជួបរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងរយៈពេលកន្លងមក។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មាន ឱ្យបានរហ័សទាន់ពេលវេលា សមស្របទៅនឹងគោលការណ៍ណែនាំនានា ពិសេសត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយឱ្យដល់សាធារណជន បានយល់ បានជ្រាបច្បាស់អំពីសកម្មភាពការងារ នានារបស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព។
មួយវិញទៀតក្រុមការងារត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្ត្រីបង្គោលក្រុង ស្រុក មន្ទីរ អង្គភាព ឱ្យយកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មានរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត និងបន្តបណ្តុះបណ្តាល ដល់គ្រប់គោលដៅនៅមូលដ្ឋាន។
ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបរាល់សំណូមពរ ដែលសាធារណជន លើកឡើងក្នុងគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្ត ព្រមទាំងបណ្ដាញសង្គមនានា ដែលពាក់ព័ន្ធនឹងខេត្តរបស់យើង។ ត្រូវរាយការណ៍ជាប្រចាំអំពីសំណើ សំណូមពរនានា ក្នុងន័យបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងសមស្របបំផុត។
ក្រុមការងារត្រូវរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង