អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចែករំលែក ទស្សន:ទាន យន្ដការ យុទ្ធសាស្ដ្រ នៃវិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិ

ខេត្តកណ្តាល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២–

នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មាន របស់រដ្ឋ ក្នុងទិសដៅ កសាងឱ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិ សំដៅជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយ និងបំផុសព័ត៌មាន ឱ្យចូលកៀកប្រជាពលរដ្ឋ ។

សិក្ខាសាលានេះ ប្រព្រឹត្ដិទៅរយៈពេល២ថ្ងៃ ដោយមានការចូលរួមពីសិក្ខាកាម ជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពវិស័យជំនាញ ជំុវិញរាជធានី-ខេត្តចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ ។

ឯកឧត្តម បញ្ជាក់បន្តថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់ដ៏មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានលើកទឹកចិត្ត សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបាន នូវចំណេះដឹងថ្មីៗ រួមជាមួយ បទពិសោធន៍ល្អៗ ពីវាគ្មិនជំនាញ ដើម្បីពង្រឹង សមត្ថភាពជំនាញ ក្នុងការអនុវត្តជាក់ស្ដែង ទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង