ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានរៀបចំសិក្ខាសាលាជាតិស្តីពីការផ្សព្វ ផ្សាយឯកសារស្វែងយល់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំសិក្ខាសាលាជាតិ ស្តីពីការផ្សព្វផ្សាយឯកសារស្វែងយល់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ដែលគិតគូរពីអាហារូបត្ថម្ភ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយឯកសារស្វែងយល់ ខាងលើនេះ ដើម្បីជាព័ត៌មានសម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នករៀបចំគម្រោងកម្មវិធីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ និងវិស័យអាហារូបត្ថម្ភ ។

សិក្ខាសាលានេះ ស្ថិតក្រោមអធីបតីភាព ឯកឧត្ដម ជា សំណាង នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាប្រធានអនុក្រុមបច្ចេកទេសទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ លោកជំទាវ ប្រាក់ សុភណ្ឌ័នារី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុខ សីឡូអគ្គលេខាធិការ នៃក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ លោក យី គីមថាន អនុប្រធានអង្គការPlan និងអ្នកពាក់ព័ន្ធប្រមាណ៦០រូប ។

ក្នុងឱកាសនោះ ឯកឧត្ដម ជា សំណាង មានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្របសម្រួលបង្កើតឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាម យន្តការកិច្ចសហការជាមួយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធក្នុងក្រុមការងារបច្ចេកទេស ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។

នាឱកាសនេះ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ បានចាត់ទុកយុទ្ធសាស្រ្តជាតិស្ដីពីសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ(២០១៩-២០២៣) គឺពិតជាមានសារៈសំខាន់និងចាំបាច់ ក្នុងការអនុវត្ដន៍គោលនយោបាយឆ្លើយតប ទៅនឹងតម្រូវការ របស់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ នាពេលបច្ចុប្បន្នក៏ដូចជាអនាគត ។

ទន្ទឹមនេះ លោកជំទាវ ប្រាក់ សោភណ្ឌ័នារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្ដែងនូវការកោតសរសើរ ចំពោះក្រុមការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ ដែលបានសហការ រៀបចំនិងសម្របសម្រួលឱ្យមានសិក្ខាសាលានេះឡើង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ(២០១៩-២០២៣) ។

សូមបញ្ជាក់ថា បញ្ហាកង្វះទឹកស្អាត និងអនាម័យគឺជាកត្តារួមចំណែកបណ្តាលឱ្យកុមារមាន ភាពក្រិសក្រិននិងស្គមស្គាំង ដែលបញ្ហានេះ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងការអភិវឌ្ឍន៍បញ្ញាស្មារតីរបស់កុមារ ។ គិតត្រឹមឆ្នាំ២០១៤ កម្ពុជាមានកុមារក្រិសក្រិន៣២ភាគយ និងស្គមស្គាំង១០ភាគរយ ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង