រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

ខេត្តព្រៃវែង ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២–

នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកំលាំងទាំងបី បានអញ្ជើញចូលរួម ក្រុងពាលី សូមសុខសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំ ឆ្នាំថ្មីព្រៃវែង ឲ្យប្រព្រឹត្តទៅ នៅពេលខាមុខ បានដោយរលូន ដែលស្ថិតនៅសួន សម្ដេចអគ្គមហាធម្មពោធិ៍សាល ជា ស៉ីម ភូមិ១ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត់។

ក្នុងពិធីនោះ ឯកឧត្ដម អភិបាលខេត្ត និងលោកជំទាវសូមបួងសួងដល់បារមីទេវតាឆ្នាំថ្មី ព្រះនាម «កិរិណីទេវី» ជាទេពធីតាសង្ក្រាន្តប្រចាំឆ្នាំថ្មីនេះ គង់នៅចាតុម្មហារាជិកា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមចំណែកដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ និងសូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តព្រៃវែង។

ចំពោះការប្រារព្ធពិធីឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២ នេះមានមានការរៀបចំដូចជា៖ ក្រុងពាលី, កម្មវិធីសាសនា, ការតាំងពិព័រណ៍, កម្មវិធីបើកព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២២, កម្មវិធីទទួលទេវតាឆ្នាំថ្មី, ពូនភ្នំខ្សាច់ ,ស្រង់ព្រះ, តំបន់ល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, កម្មវិធីបង្ហោះគោមជាដើម។

សូមបញ្ជាក់ផងដែរថា៖ ចំពោះព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្ត និងប្រារព្ធធ្វើរយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង