សម្តេច​ ហ៊ុន សែន គ្រោងកែអនុក្រឹត្យ​ ក្រោយមានអ្នក​រត់គេច​មិនធ្វើចត្តាឡីស័កនៅព្រំដែន

TNM(ភ្នំពេញ) ៖ តាមរយៈការ​ថ្លែងសារ​ជាសំឡេង​នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្គាប់​​ឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិភាក្សា​ដើម្បីកែសម្រួល​អនុក្រឹត្យ ឬធ្វើវិសោធនកម្មច្បាប់ ក្នុងការបង្កើន​ការពិន័យជាទឹកប្រាក់​ឱ្យច្រើនជាងមុន ចំពោះ​អ្នករត់គេច​មិនព្រមធ្វើចត្តាឡីស័ក ពោលគឺ​កែសម្រួលត្រង់​មាត្រា៨ នៃ​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាលដើម្បី​ទប់ស្កាត់​ និងឆ្លើយតប​ការឆ្លងរាលដាល​ជាអន្តរជាតិ​នៃ​ជំងឺ​នៅតាមច្រកចេញចូល ដែលចុះ​កាលពីឆ្នាំ២០១៥។

ការ​ថ្លែង​របស់​សម្តេច​ខាងលើនេះ បន្ទាប់ពីមានករណី​ប្រជាពលរដ្ឋ​មកពីប្រទេសថៃ លួចឆ្លងដែនខុសច្បាប់​ធ្វើដំណើរ​រហូតដល់ខេត្តតាកែវ ដោយមិនបាន​ធ្វើចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវនៅតាមព្រំដែន។

ជាមួយគ្នា​នោះ សម្តេចតេជោ បាន​រកឃើញ​ថា មានការចាប់មេក្លោង​នាំឆ្លងដែនហើយ ប៉ុន្តែបែរជាដោះលែងវិញ ដែលសម្តេចព្រមានថានឹង​ដកតំណែង​មន្រ្តីនគរបាល​រូបនោះ ឬបណ្តេញ​ចេញ​ពី​ជួរមន្រ្តីនគរបាល​តែម្តង។

យោងតាមមាត្រា៨ នៃ​អនុក្រឹត្យ​នេះ មានខ្លឹមសារថា ៖ «អ្នកដំណើរ ឬការីនៃយាន​ដឹកជញ្ជូន​ណា​ដែល​គេចវេះ​មិន​ឱ្យមន្រ្តី​ចត្តាឡីស័ក​ធ្វើការ​ត្រួតពិនិត្យ ឬមិន​សហការ​ជាមួយ​នឹង​មន្រ្តី​ចត្តាឡីស័ក​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ឬមិនបំពេញ​តាមបែបបទ​ដែលមាន​កំណត់​ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យ​អន្តរការណ៍​ជាប្រាក់​ពី ២០ម៉ឺនរៀល ដល់ ១លានរៀល ទៅតាម​ទំហំ​នៃ​បទល្មើស និង​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល»៕

អត្ថបទដែលជាប់ទាក់ទង