សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងប្រកាសយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ ក្នុងព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ” នៅខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight” លើកទី១ នៅខេត្តសៀមរាប ហើយសម្ដេចនឹងប្រកាសយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ បន្ទាប់ពីមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតស្ដេចប្រដាល់អង្គរ កាលពីថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC ឲ្យដឹងថា ការប្រកួតស្ដេចប្រដាល់អង្គរ គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានកីឡាករ-កីឡាការិនីជើងខ្លាំងកម្ពុជា-ចិន សរុប ២០រូប ត្រូវជួបតតាំងគ្នាលើសង្វៀនអន្ដរជាតិមួយនេះ ក្នុងការប្រកួតបែបគុនខ្មែរ និងឃីកប៊ុកស៊ីង។

ឯកឧត្តមអគ្គលេខាធិការបន្ដថា ការប្រកួតដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងរកការគាំទ្រជាអន្ដរជាតិ សម្រាប់កីឡាអត្តសញ្ញាណជាតិ គឺប្រដាល់គុនខ្មែរ និងយុទ្ធគុនចម្រុះរបស់យើង។ ម្យ៉ាងក៏ភ្ជាប់ជាមួយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៨-១០ ខែមេសាផងដែរ។ ដូច្នេះ នេះគឺជាពេលវេលាមួយសមស្រប ដើម្បីបង្ហាញជូនបណ្ដាប្រទេសអាស៊ាន និងទាក់ទាញការគាំទ្រដល់គុនខ្មែរ ហើយបញ្ជូនប្រតិភូ និងអត្តពលិករបស់គេ មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវយុទ្ធនាការមួយ គឺយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ។ តាមរយៈចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺរាជរដ្ឋាភិបាលបានឱ្យគណៈកម្មាធិការជាតិ ធ្វើការផ្សព្វផ្សាយនេះ មិនមែនតែឆ្នាំ២០២២ ទេ គឺធ្វើការផ្សព្វផ្សាយរហូត ឱ្យគុនខ្មែររបស់យើង ល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដូច្នេះថ្ងៃទី១០ ខែមេសា នេះ សម្ដេចពិជ័យសេនា នឹងប្រកាសយុទ្ធនាការនេះជាផ្លូវការ ចាប់ពីវេទិកា និងការប្រកួតរបស់យើងនៅសៀមរាបនេះតទៅ ។

ឯកឧត្តម បានបន្ថែមថា ដើម្បីជំរុញព្រឹត្តិការណ៍ប្រកួតលក្ខណៈមិត្តភាពកម្ពុជា-ចិននេះ ឱ្យទទួលបានជោគជ័យ ហើយឈានទៅរកការរៀបចំប្រចាំឆ្នាំ ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការលើកទឹកចិត្ត និងជំរុញឱ្យគណៈកម្មការរៀបចំ ពិសេសសហព័ន្ធកីឡាជាតិ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់យុត្តិធម៌ដល់កីឡាករ-កីឡាការិនីក្នុងការប្រកួត។ រីឯកីឡាករ-កីឡាការិនី ក៏ត្រូវគោរពបទបញ្ជាការប្រកួត និងវិន័យឱ្យបានខ្ពស់ផងដែរ ទោះបីលទ្ធផលឈ្នះ-ចាញ់ក៏ដោយ ដើម្បីវិវឌ្ឍខ្លួនទៅរកលក្ខណៈអាជីព និងត្រៀមឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។

លោកបណ្ឌិត មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ និងជាគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យលើកដំបូង លើទឹកដីអង្គរនេះ គឺមាន ១០គូ ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងលំដាប់ប្រទេស ចូលរួមប្រកួត។ លោកបានចាត់ទុកការរៀបចំនេះ គឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភាខាងមុខ ក៏ដូចជាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង