ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅស្រុកកំពង់ត្រាចចំនួន ៩៣៨គ្រួសារ
នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅស្រុកកំពង់ត្រាចចំនួន៩៣៨គ្រួសារ នៅភូមិស្លាបកាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
បានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងគ្រប់ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកកំពង់ត្រាច លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកមេឃុំ មេភូមិ នៃស្រុកកំពង់ត្រាច សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក ឃុំ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ស្រុក ឃុំនិងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១៥០០នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ហើយសម្តេចតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយមិនមានអាហារហូបនោះទេ។
ក្នុងឱកាសនោះ ឯកឧត្តម បានស្នើសុំដល់បងប្អូនប្រជានេសាទ ដើម្បីធ្វើជាមេគ្រួសារ ក្នុងនាមជាកូន ជាបង ជាពូ នៃគ្រួសារប្រជានេសាទយើង ហើយឯកឧត្តមបានបញ្ជាក់ជូនបងប្អូនរាយការណ៍មកឯកឧត្តមតាមប្រព័ន្ធទូរស័ព្ទក្នុងករណីមានជនណាដែលមកជំរិតយកប្រាក់របស់បងប្អូន ដើម្បីជាថ្នូរនៃការចេញនេសាទ ឬមានការលេងល្បែងស៊ីសងដោយខុសច្បាប់នៅក្នុងភូមិ ឃុំដែលបងប្អូនរស់នៅ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ដែលយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីជួបជុំគ្នានេះ គឺដោយសារសម្តេចតេជោ បានយកជីវិតទៅប្តូរ ដូច្នេះសូមបងប្អូនចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ហើយសូមបងប្អូនកុំចាញ់នូវឧបាយកលរបស់ពួកអគតិមួយចំនួនដែលដើរសន្យាខ្យល់ និងមានបំណងបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន។
ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីឲ្យសហគមន៍យើងមានភាពស៊ាំជាមួយជំងឺដ៏កាចសាហាវនេះ ហើយវ៉ាក់សាំងដែលយើងមាន គឺបានមកពីសម្តេចតេជោ ស្វះស្វែងរកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលសម្តេចមិនត្រឹមតែនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ សម្តេចថែមទាំងបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈដែលប្រទេសជាតិជួបការលំបាក៕សម្រួលដោយ ទៀង បុណ្ណរី