គ៌ាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅតំបន់អាស៊ីខាងត្បូង
ភ្នំពេញថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ –
ក្នុងឆ្នាំ២០១៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានស្នើឱ្យបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រដែលមានមូលដ្ឋានលើដីគោក និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលមានមូលដ្ឋាននៅលើសមុទ្រ។ គម្រោង BRI មានគោលបំណងកសាងបណ្តាញពាណិជ្ជកម្ម ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់តំបន់អាស៊ីជាមួយផ្នែកផ្សេងៗទៀតនៃពិភពលោកតាមបណ្តោយផ្លូវពាណិជ្ជកម្មផ្លូវសូត្របុរាណ និងលើសពីនេះ។
ឈានចូលដល់ឆ្នាំទីប្រាំបួននៃវឌ្ឍនភាពដ៏រឹងមាំ គម្រោង BRI បានរីកចម្រើនទៅជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក ដោយមានប្រទេសចំនួន ១៤៨ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការជាង ២០០ ជាមួយប្រទេសចិនក្រោមក្របខណ្ឌគម្រោង BRI ដោយគិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ថិតនៅចំណុចប្រសព្វនៃខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រដែលស្នើឡើងដោយប្រទេសចិន និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ តំបន់អាស៊ីខាងត្បូងដែលជាតំបន់ដែលមានប្រជាជនច្រើនជាងគេដែលមានចំនួនប្រហែលមួយភាគបួននៃចំនួនប្រជាជនសរុបរបស់ពិភពលោក គឺជាតំបន់មួយក្នុងចំណោមតំបន់សំខាន់ៗសម្រាប់គម្រោង BRI ។ ប្រទេសចំនួន ៥ តំបន់អាស៊ីខាងត្បូងបានចូលរួមក្នុងក្របខ័ណ្ឌគម្រោង BRI ជាមួយនឹងការបោះជំហានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាកំពង់ផែ Gwadar ក្នុងប្រទេសប៉ាគីស្ថានដែលត្រូវបានគេមើលឃើញរួចហើយនៅទូទាំងតំបន់។
គម្រោង BRI របស់ប្រទេសចិននៅតំបន់អាស៊ីខាងត្បូងរួមមានគម្រោងរងចំនួនបួន៖ ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ច្រករបៀងសេដ្ឋកិច្ចបង់ក្លាដែស-ចិន-ឥណ្ឌា-មីយ៉ាន់ម៉ា (BCIM) ច្រករបៀងឆ្លងកាត់ភ្នំហិម៉ាឡៃ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនជាមួយបង់ក្លាដែស ស្រីលង្កា និងម៉ាល់ឌីវ ក្រោមគម្រោងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ គម្រោង BRI បានប្រែក្លាយគំនិតទៅជាសកម្មភាព និងទស្សនៈវិស័យឱ្យក្លាយជាការពិត ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់មានភាពប្រសើរឡើង ជួយសម្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ីខាងត្បូង និងនាំមកនូវវិបុលភាពដល់ពិភពលោកកាន់តែទូលំទូលាយ។
ប្រទេសប៉ាគីស្ថាន៖ CPEC បានទទួលលទ្ធផលជាផ្លែផ្កា៖
ចាប់តាំងពីឆ្នាំ២០១៣ មក CPEC បានក្លាយជាគម្រោងសំខាន់មួយនៃគម្រោង BRI ដែលធ្វើឱ្យប៉ាគីស្ថានក្លាយជាដៃគូធំបំផុតនៅក្នុងគម្រោង BRI នេះ។ ជាមួយនឹងគម្រោងដែលដំណើរការទៅមុខយ៉ាងរលូន និងការរីកដុះដាលពាណិជ្ជកម្ម CPEC ឥឡូវនេះកំពុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងរួមចំណែកដល់ការធ្វើឱ្យជីវភាពប្រជាជនប៉ាគីស្ថានកាន់តែមានភាពប្រសើរឡើង។
យោងតាមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសចិន លោក Moin ul Haque បានឱ្យដឹងថា ការងារជាង ៧០ ០០០កន្លែងត្រូវបានបង្កើតឡើងមកដល់ពេលនេះដោយសារកិច្ចសហប្រតិបត្តិការនៃគម្រោង BRI ។ ការងារដោយផ្ទាល់ និងដោយប្រយោលចំនួនកន្លះលានកន្លែងផ្សេងទៀតនឹងត្រូវបានបង្កើតឡើងក្នុងរយៈពេល៥ឆ្នាំទៅ ៧ឆ្នាំខាងមុខ។
ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បាននិយាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅពេលដែលលោកជួបប្រជុំជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ថា ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន បានទទួលលទ្ធផលជាផ្លែផ្កា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនប៉ាគីស្ថានមានភាពប្រសើរឡើង។
កំពង់ផែ Gwadar
កំពង់ផែ Gwadar បានចូលដំណើរការជាផ្លូវការកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវបានគេសរសើរថាជា «គ្រឿងអលង្ការមកុដរបស់ CPEC»។ ក្នុងនាមជាចំណុចលេចធ្លានៃសមិទ្ធិផលដ៏មហិមានៅក្នុងទំនាក់ទំនងប៉ាគីស្ថាន-ចិន កំពង់ផែ Gwadar ត្រូវបានគេរំពឹងថានឹងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភស្តុភារដែលមានសក្តានុពលក្នុងការធ្វើឱ្យផលិតផលក្នុងស្រុកឱ្យបាន ១០ប៊ីលានដុល្លារអាម៉េរិកសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន។ កាលពីឆ្នាំមុន កំពង់ផែនេះបានចាប់ផ្តើមពង្រីកអាជីវកម្មរបស់ខ្លួន ដោយបានចាក់បញ្ចូលកម្លាំងជំរុញ និងស្ថេរភាពដល់សេដ្ឋកិច្ចប៉ាគីស្ថាន។ ឥឡូវនេះ កំពង់ផែនេះកំពុងត្រូវបានប្រើប្រាស់សម្រាប់ពាណិជ្ជកម្មឆ្លងកាត់អាហ្វហ្គានីស្ថានជាលើកដំបូង ខណៈដែលចូលទៅក្នុងអាជីវកម្មឧស្ម័នប្រេងរាវ (LPG) និងក្លាយជាប្រតិបត្តិការពេញលេញជាកំពង់ផែពាណិជ្ជកម្ម។
រោងចក្រថាមពលកំពង់ផែ Qasim
អង្គភាពដំបូងនៃរោងចក្រថាមពលកំពង់ផែ Qasim ត្រូវបានសម្ពោធនៅក្នុងឆ្នាំ២០១៧ ដែលជាការកត់សម្គាល់នៃគម្រោងថាមពលបឋមដំបូងគេនៃ CPEC ដើម្បីចាប់ផ្តើមផលិតអគ្គិសនី។ ក្នុងនាមជារោងចក្រថាមពលដ៏សំខាន់ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន រោងចក្រថាមពលកំពង់ផែ Qasim មានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីស្អាត និងមានតម្លៃថោកដល់គ្រួសារប្រជាជនប៉ាគីស្ថានប្រមាណ ៤លាននាក់ ដែលជួយសម្រាលដល់បញ្ហាកង្វះខាតថាមពលនៅក្នុងប្រទេសប៉ាគីស្ថានបានយ៉ាងច្រើន។ រោងចក្រថាមពលនេះក៏បានរួមចំណែកក្នុងការកែសម្រួលរចនាសម្ព័ន្ធថាមពលក្នុងស្រុក និងផ្តល់នូវការសន្សំថ្លៃដើមសម្រាប់ការផលិតអគ្គិសនីផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី