ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ
នៅរសៀលថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅសាលប្រជុំនន្ទី អគសរ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១. រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាម ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដា ទង់ជាតិ ទង់ ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើងព៌ណតាមដងផ្លូវ និងទីប្រជុំជន ជាពិសេសនៅក្នុងក្រុងស្វាយរៀង ។
២.កងកម្លាំង និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវចាត់ចែងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឲ្យបានល្អប្រសើរជូនប្រពលរដ្ឋ ជាពិសេសនៅតាមវត្តអារាម កន្លែងទីសក្ការ:បូជា និងកន្លែងកម្សាន្តសប្បាយនានា។
៣.ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវរៀបចំកម្លាំងប្រចាំការដោយមានការផ្លាស់វេនគ្នា យាមល្បាតតាមបណ្ដាគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ដើម្បីអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើស ឬគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះអគ្គិភ័យកើតឡើង ហើយរាយការណ៍ឲ្យបានលឿនតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវមានមុខប្រចាំការ ២៤/២៤ម៉ោង ក្នុងនោះត្រូវយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោផងដែរ។
៤.បន្តផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាក ដូចជាការរក្សាគម្លាតសុវត្ថិភាព ពិសេសវិធាន ការ៣កុំ ៣ការពារ ឱ្យបានទូលំទូលាយ។
៥.មន្ទីរសុខាភិបាល ត្រូវចាត់តាំងឲ្យមានគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពឲ្យបានច្បាស់លាស់ និងសហការជាមួយរដ្ឋបាលក្រុង ស្រុក គួររៀបចំទីតាំងជាក់លាក់ណាមួយនៅមូលដ្ឋានសម្រាប់ការធ្វើតេស្តរហ័ស។
៦.ហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹកគ្រប់ទម្រង់ ប៉ាតម្សៅ អុជផាវ អុជកាំជ្រួច ឬគ្រឿងបន្ទុះផ្សេងៗ ដែលជាសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់ប្រពៃណីជាតិ។
៧.ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗដែលនាំឲ្យមានគ្រោះអគ្គីភ័យ ។
៨.ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី