រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីរំលឹកគុណគ្រូបង្រៀននៅសាលាបឋមសិក្សា-វិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
នាព្រឹកថ្ងៃសុក្រទី១ ខែមេសា ឆ្នាំ២០២២ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពិធីរំលឹកគុណគ្រូបង្រៀននៅសាលាបឋមសិក្សា-វិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលរងក្រុង ស្រុក អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានប្រសាសន៍ថាការប្រារព្ធពិធីរំលឹកគុណគ្រូបង្រៀន ក្នុងគោលបំណង ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកដឹងគុណដ៏ថ្លៃថ្លារបស់សិស្សានុសិស្សគ្រប់រូបចំពោះគ្រូបង្រៀន ដើម្បីរំឭកពីគុណបំណាច់របស់គ្រូបង្រៀន ព្រោះគ្រូបង្រៀនប្រៀបបានដូចជាមាតាបិតាទីពីររបស់សិស្សានុសិស្ស គ្រូបង្រៀនបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យមានពុទ្ធិច្បាស់លាស់ ប្រកបដោយបញ្ញាញាណក្នុងការត្រិះរិះរាល់កិច្ចការ និងមានចិត្តអំណត់ ឧស្សាហ៍ព្យាយាមក្នុងការបំពេញភារកិច្ច គ្រូ បង្រៀនជាអ្នកបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹងដ៏មានតម្លៃ នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាព្រមទាំងការអប់រំទូន្មានឱ្យសិស្សានុសិស្សប្រព្រឹត្តតែអំពើល្អ ចេះដឹងខុស ដឹងត្រូវ ចេះគោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមាន ចំណេះធ្វើ រៀនដើម្បីមានក្រមសីលធម៌ល្អក្នុងសង្គម រៀនដើម្បីរួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ រៀនដើម្បីក្លាយជាទំពាំងស្នងឬស្សី រៀនដើម្បីអភិវឌ្ឍសមត្ថភាព រៀនដើម្បីអភិវឌ្ឍន៍កសាងប្រទេសជាតិឱ្យមានការរីកចម្រើន រៀនដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ដើម្បីក្លាយជាអ្នកបន្តវេនជាអ្នកដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត។
លោកជំទាវបានបន្តថា ដោយមានផ្តួចផ្តើមពីលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តួចផ្តើមនូវអ្វីជាគុណប្រយោជន៍ គុណធម៌សម្រាប់សិស្សានុសិស្សរបស់យើងនូវកម្មវិធីផ្សេងៗ ក្នុងនោះលោកជំទាវក៏បានកៀរគរ សាងសង់នូវបណ្ណាល័យនៅតាមសាលារៀន និងតាមវត្តអារាម នេះជាលក្ខណៈសម្បត្តិដែលកើតចេញពីបេះដូងក្នុងការគិតគូរពីការកសាងធនធានមនុស្សរបស់កម្ពុជា។ សកម្មភាពនេះជាទឹកចិត្តកើតចេញពីបេះដូង ជូនចំពោះលោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ ដែលលោកបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ ផ្តល់ក្តីមេត្តា ករុណាដល់សិស្សានុសិស្ស ដើម្បីជាសរសរទ្រូងដ៏រឹងមាំ ក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា នេះជាឧត្តមគតិប្រកបដោយឆន្ទ:មោះមុតនៃការខិតខំប្រឹងប្រែងបង្រៀន ដើម្បីអនាគតសិស្សរបស់យើង៕សម្រួលដោយ ទៀង បុណ្ណរី