សម្ដេចតេជោ ហ៊ុន សែន បានហៅការសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវ ក្រោមដីចោមចៅ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានហៅការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលថ្មីមួយ ទៀតរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ ក្នុងរយៈពេលជាង២០ឆ្នាំកន្លមកនេះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សមិទ្ធផលជាស្ពានអាកាស និងផ្លូវក្រោមដី នេះ កើតចេញពីតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង ដែលចេះតែមានកំណើនជារៀងរាល់ឆ្នាំ ទាំងជីវភាពរស់នៅក៏មានការរីកចម្រើន និងមធ្យោបាយធ្វើដំណើរក៏មានការរីកចម្រើនផងដែរ។
សម្តេចតេជោក៏បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញដែលបានសាងសង់កន្លងមក គឺបានប្រើនយោបាយ «យកក្រុងចិញ្ចឹមក្រុង ឬអាចហៅថា យកស្លឹកត្នោតខ្ចប់ស្កត្នោត» ពីព្រោះដោយសារតែការកសាងសមិទ្ធផលទាំងអស់នេះបានថវិកាមកពីការអភិវឌ្ឍន៍កោះពេជ្រ និងជ្រោយចង្វារ ក៏ដូចជាតំបន់នានាក្នុងទីក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ។
សម្ដេចតេជោក៏បានថ្លែងឱ្យដឹដែរថា ក្រៅពីសមិទ្ធផលជាស្ពានអាកាសនៅទីក្រុងភ្នំពេញនេះ នៅមានសមិទ្ធផលធំមួយទៀតដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ នៅខេត្តសៀមរាប ដែលត្រូវចំណាយថវិការហូតប្រមាណជាង ២០០លានដុល្លារអាម៉េរិក និងសមិទ្ធផលជាច្រើនទៀត ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្រោយបុណ្យចូលឆ្នាំខ្មែរផងដែរ។
គួរបញ្ជាក់ដែរថា ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ មានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបើការដ្ឋានសាងសង់នៅ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ ។ ស្ពាននេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន៣០ខែ ដោយមាន ក្រុមហ៊ុនវិនិយោគទុនកម្ពុជា (OCIC) ជាអ្នកអនុវត្តន៍គម្រោង ប៉ុន្តែអាស្រ័យដោយ ផលប៉ះ ពាល់បង្កឡើងដោយវិបត្តិជាសកលនៃជំងឺកូវីដ១៩ រយៈពេលសាងសង់ត្រូវអូសបន្លាយ រយៈពេល៣ខែបន្ថែមទៀត។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានចំណាយថវិកាសាងសង់អស់ចំនួន ២២លានដុល្លារអាម៉េរិក ជាកញ្ចប់ថវិកាដែលបានមកពីគម្រោងវិនិយោគតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ហើយស្ពាននេះជាស្ពានអាកាសទី៥ ដែលបានស្ថាបនារួចរាល់ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនោះគឺ «ការ យកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នាតខ្ចប់ស្ករត្នោត» ដែលជាអាទិ៍ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសនិងផ្លូវក្រោមដីស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាស និងផ្លូវក្រោដីចោមចៅ និងស្ពានអាកាសទី៦ គឺស្ពានអាកាស ឬស្សីកែវ ដែលកំពុងមានដំណើរការសាងសង់៕
សម្រួលដោយ ទៀង បុណ្ណរី