មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឱ្យត្រៀមអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ មានការធូរស្រាល

សៀមរាប ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ —

ឯកឧត្តម ពេជ្រ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅក្នុងពិធីបិទ វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ សម្រាប់ឆ្នាំ ២០២០-២០២១ ដល់សិស្សានុសិស្សសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល នៅ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះថា យើងដឹងហើយថា រយៈពេល២ឆ្នាំកន្លង មកនេះ ពិភពលោក ក៏ដូចជាកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីករាលដាល នៃមេរោគកូវីដ១៩ ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែឥឡូវនេះ តាមរយៈយុទ្ធ សាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យមានភាពស៊ាំនៅក្នុងសហគមន៍កាន់តែ មានភាពល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកប្រទេសឡើងវិញ និងបានធ្វើឱ្យអាជវីកម្ម នានាបានបើកដំណើរការឡើងវិញជាបណ្តើរៗដែរ ហើយតម្រូវការធនធានមនុស្ស ក៏បានចាប់ ផ្តើមមានតម្រូវការឡើងវិញដែរ ជាពិសេសអ្នកជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឡើង វិញលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ ដោយក្នុងនោះទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរមកពីក្រៅប្រទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ អាចមកទស្សនាព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក មិនតម្រូវឱ្យមានវិញ្ញាបនបត្រ បញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ពេលមកដល់ព្រះរាជាណាចក្រកម្ពុជានោះទេ និងសម្រួលផ្តល់នូវទិដ្ឋាការផ្ទាល់ (Visa on arrival) នៅពេលមកដល់កម្ពុជា ដែលនេះជាជោគជ័យបោះជំហានថ្មីមួយទៀត និងមុនគេនៅក្នុងអាស៊ាន ដែលនឹងជំរុញដល់ការទាក់ទាញអ្នកវិនិយោគ និង ទេសចរ ចូលកម្ពុជាកាន់តែផុលផុស។

ឯកឧត្តមបន្តថា ឥឡូវនេះ យើងត្រូវត្រៀមអ្នកជំនាញផ្នែកផ្តល់សេវាកម្មទេសចរណ៍ ឱ្យហើយ នៅពេលដែលភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាច្រើនដូចដើមវិញ យើងមាន ធនធានមនុស្សគ្រប់គ្រាន់សម្រាប់ផ្តល់សេវាជូនភ្ញៀវ។

ឯកឧត្តមក៏បានស្នើឱ្យបណ្តារសណ្ឋាគារ ប្រតិបត្តិករទេសចរ និងមូលដ្ឋានស្ថាប័នអាជីវកម្មដែលបំពេញសកម្មភាពវិជ្ជាជីវៈទេសចរណ៍ទាំងអស់ ផ្តល់ឱកាសការងារដល់សិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សា និងដល់សិស្ស និងយុវជនកម្ពុជាដទៃទៀត ដែលបាន និងកំពុងសិក្សាជំនាញវិជ្ជាជីវទេសចរណ៍ អាចចូលបំពេញកម្មសិក្សា ដើម្បីទទួលបានជំនាញនៅតាមស្ថាប័នរបស់ខ្លួនឱ្យបានកាន់តែទូលាយបន្ថែមទៀត។

សូមបញ្ជាក់ថា សិស្សានុសិស្សនៃសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយ ប្រ៊ូល ដែលទទួលបានជោគជ័យសម្រាប់ឆ្នាំសិក្សា២០២០-២០២១ សរុបមាន១៥៦នាក់ ដែលក្នុងនោះរួមមាន វិញ្ញាបនបត្រវិជ្ជាជីវៈ២ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានចំនួន១០៣នាក់ ផ្នែកថ្នាក់ត្រៀមបដិសណ្ឋារកិច្ចចំនួន១៤នាក់ និងវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញ បដិសណ្ឋារកិច្ចសេវាកម្មសណ្ឋាគារ សម្រាប់ពលករទេសន្តរប្រវេសន៍ ក្រោមជំនួយ ឧបត្ថម្ភរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ចំនួន៣៩នាក់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង