ប្រទេសឥណ្ឌូណេស៊ីរំពឹងថានឹងដំឡើងកាតព្វកិច្ចទីផ្សារក្នុងស្រុកសម្រាប់ធ្យូងថ្មឱ្យដល់ ៣០ភាគរយ
ភ្នំពេញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ –
រដ្ឋមន្ត្រីក្រសួងធនធានរ៉ែនិងថាមពល របស់ប្រទេសឥណ្ឌូណេស៊ី លោក Arifin Tasrif បាននិយាយថា ក្រសួងធនធានរ៉ែនិងថាមពល (EMR) របស់ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាទៅលើសំណើនៃការដំឡើងកាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) សម្រាប់ធ្យូងថ្មពី ២៥ភាគរយទៅ ៣០ភាគរយនៃផលិតកម្មសរុប ដោយសារការកើនឡើងនៃតម្រូវការក្នុងស្រុក។
លោកបាននិយាយថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យទៅលើវិស័យអគ្គិសនីក្នុងស្រុក និងតម្រូវការរបស់បណ្តាឧស្សាហកម្មដើម្បីធ្វើសេចក្តីសម្រេច។
នៅពេលមុននេះ នៅក្នុងសវនាការមួយជាមួយក្រសួង EMR កាលពីថ្ងៃទី១៣ ខែមករា គណៈកម្មាធិការទី៧ នៃសភាតំណាងរាស្រ្ត ដែលធ្វើការត្រួតពិនិត្យទៅលើវិស័យថាមពល និងរ៉ែ បានស្នើឱ្យមានការបង្កើន DMO ឱ្យដល់ ៣០ភាគរយនៃទិន្នផលសរុបដើម្បីបំពេញតម្រូវការប្រើប្រាស់ធ្យូងថ្ម។
ប្រធានគណៈកម្មាធិការ លោក Sugeng Suparwoto បាននិយាយថា ការបង្កើនអនុបាត DMO គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសាររោងចក្រថាមពលដើរដោយធ្យូងថ្មដែលមានសមត្ថភាពសរុបប្រមាណ ៣៥ ០០០មេហ្កាវ៉ាត់ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយបង្កើនការប្រើប្រាស់ធ្យូងថ្មនៃរោងចក្រថាមពលកំដៅក្នុងស្រុកដល់ប្រមាណ ១៧៥លានតោនក្នុងមួយឆ្នាំ។
ផែនការបង្កើនអនុបាត DMO ត្រូវបានអនុវត្តបន្ទាប់ពីរដ្ឋាភិបាលបានចេញបម្រាមរយៈពេលមួយខែទៅលើការនាំចេញធ្យូងថ្មកាលពីថ្ងៃទី១ ខែមករា ដើម្បីដោះស្រាយកង្វះខាតទុនបម្រុងរបស់ក្រុមហ៊ុនថាមពលរដ្ឋ (PLN)។
បម្រាមនេះបានធ្វើឱ្យតម្លៃធ្យូងថ្មនៅក្នុងប្រទេសចិន និងអូស្ត្រាលីមានការកើនឡើងយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ ក្រសួងពាណិជ្ជកម្ម ក្រសួងថាមពល និងធនធានរ៉ែ និងក្រុមហ៊ុនថាមពលរដ្ឋ កំពុងកំណត់វិធានការដើម្បីធានាដល់ការអនុលោមតាម DMO ក្នុងរយៈពេលវែង៕សម្រួលដោយ ទៀង បុណ្ណរី