អាជ្ញាធរខេត្តសៀមរាបកំពុងតែរៀបចំតុបតែងលម្អសោភណភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២-

អាជ្ញាធរខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានរៀបព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយពេលនេះ ក្រុមការងារបានកំពុងតែធ្វើការរៀបចំទីតាំង និងតុបតែងលម្អសោភណភាពជាបណ្តើរៗហើយ។ ទន្ទឹមនេះ អាជ្ញាធរកំពុងរៀបចំ ដូចជាការសម្អាត និងបាយកសារាយចេញពីទឹកស្ទឹងសៀមរាប ការចងទង់ជាតិ នៅតាមដងផ្លូវ និងការតុបតែងតាមទីតាំងផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអ្នកពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង ទី១- នៅក្នុងក្រុងសៀមរាប និងទី២- នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីសាសនា និងកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែងផងដែរ។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាង មុខនេះ។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួម ថែរក្សាវប្បធម៌ដូនតារបស់យើង ឱ្យបានគង់វង្សស្ថិតស្ថេរជាអតមៈ និងដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាប អមទៅដោយទិសភាពដ៏សែនត្រជាក់ភ្នែក នៃគម្រោងផ្លូវទាំង ៣៨ខ្សែ និងស្ទឹងសៀមរាបដ៏ស្រស់បំព្រង ដែលមានការតុបតែងលំអរដោយភ្លើងចំរុះព័រណ៍គួរគយគន់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង