៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរទៅទស្សនាខេត្តកំពតមានជាង១០ម៉ឺននាក់

TNM(ខេត្តកំពត) ៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍កំពត បានឲ្យដឹងថ្ងៃទី១៤ ខែកុម្ភៈថា ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង១០ម៉ឺននាក់។

លោកប្រធានមន្ទីរបានឱ្យដឹងថា រយៈពេល៣ថ្ងៃនេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន ១០២,០២៦នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១០១,៣០២នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ៧២៤ នាក់»។

លោកបានបន្តថា ដោយមានការណែនាំយ៉ាងហ្មត់ចត់ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពត លោក ជាវ តាយ មន្ត្រីជំនាញនៅតាមមន្ទីរ អង្គភាព ស្ថាប័ននានា ពិសេសមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពង្រឹងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងការណែនាំពីវិធានអនាម័យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលយ៉ាងយកចិត្តទុកដាក់។

លោក សយ ស៊ីណុល ក៏បានបញ្ជាក់ដែរថា ចំពោះការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត ក៏នៅតែប្រព្រឹត្តយ៉ាងល្អប្រសើរផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ជាវ តាយ ពោលគឺគ្មានបញ្ហាអ្វីចោទឡើងគួរឱ្យកត់សម្គាល់ឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង