លោកជំទាវ Louise Mushikibo ជម្រាបជូនសម្ដេចតេជោថា ទស្សកិច្ចនៅកម្ពុជានៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត

ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២-

លោកជំទាវ Louise Mushikibo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) បានមានប្រសាសន៍ជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ថា គោលបំណងរបស់លោកជំទាវ និងគណៈប្រតិភូមកកាន់នៅកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់និងនិរន្តតទៅ ហើយដំណើរទស្សនកិច្ចនៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Louise Mushikibo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបនោះដែរ លោកជំទាវ Louise បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ជូនចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)។

លោកជំទាវបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាគឺការទាក់ទាញខ្លាំង ហើយអាចជាគំរូនៃការអភិវឌ្ឍន៍លើវិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំង។ ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនិងអ្នកវិនិយោគកម្ពុជា លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា គឺបានទទួលលទ្ធផលល្អណាស់ មានការចាប់អារម្មណ៍ខ្លាំងហើយក៏មានការចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។

លោកជំទាវ Louise Mushikibo ក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា គោលបំណងរបស់លោកជំទាវ និងគណៈប្រតិភូមកកាន់នៅកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់និងនិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យនៃជំនួបរវាងអ្នកវិនិយោគ មកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងនិងតំបន់។ ប្រទេសយើងនិងតំបន់យើង មានសក្ដានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។ ដូច្នេះយើងគប្បីណារួមគ្នាបង្កឱកាស ដើម្បីចាប់យកសក្ដានុពលទាំងឡាយណាដែលយើងមាននេះ ដែលមិនត្រឹមតែ ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អ រវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនិងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។

ឆ្លៀតក្នុងឱកាសដែលសម្តេចតេជោ ក៏បានជម្រាបជូនលោកជំទាវ Louise ថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្ដេចតេជោចង់បានគឺជំរុញការអនុវត្ត AFTA និង RCEP ឱ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានមានដំណើរការប្រក្រតីភាពឡើងវិញ។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃ អង្គការអន្តរជាតិហ្វង់កូហ្វូនី (OIF) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការ OIF។

លោកជំទាវអគ្គលេខាធិការក៏បានចូលរួមជាអធិបតី ជាមួយ លោកជំទាវ បណ្ឌិត អ៊ុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្ត្រីកម្ពុជា។ នៅក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកកម្មវិធី និង ចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែលសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហ ប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។

ជំនួបទាំងនេះ បានផ្តោតសំខាន់ជាពិសេស ទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តជាតិហ្វ្រង់កូហ្វូនជិត ៧០ក្រុមហ៊ុន បានចូលរួមក្នុងព្រឹត្តិកាណ៍នេះ។ នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានអញ្ជើញដាក់ កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតាស្ថាបនិកនៃអង្គការ OIF៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង