ឯកឧត្ដម​អភិបាលខេត្តកំពង់ចាម ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សាខាសមាគម​សិស្ស​និស្សិត បញ្ញា​វ័​ន្ត​ក្មេង​វត្ត ​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​លើក​ទី​២ នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម

ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​ចាត់ទុកថា កម្មវិធី​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ នាពេលនេះ គឺជា​ការចូលរួមចំណែក គិតគូរ​អំពី​សុខភាព និង​លើកកម្ពស់​ជីវភាព របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ។ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស ដែល​ឯកឧត្ដម រួមជាមួយ លោកជំទាវ ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្ដម​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សាខាសមាគម​សិស្ស​និស្សិត បញ្ញា​វ័​ន្ត​ក្មេង​វត្ត ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​លើក​ទី​២ នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២២ នេះ។​
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ពេលនេះ យើង​មាន​ក្រុមគ្រូពេទ្យ ចុះ​មកដល់​មូលដ្ឋាន ដើម្បីធ្វើការ​ពិនិត្យ និង​ពិគ្រោះ​ជម្ងឺ ដោយផ្ទាល់ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក ការកាត់បន្ថយ​ចំណាយ ទៅលើ​ការពិគ្រោះ និង​ការទិញ​ថ្នាំសង្កូវ​ផ្សេងៗ ខណៈពេលដែល បងប្អូន​មាន​បញ្ហា​សុខភាព​ហើយ ត្រូវ​អញ្ជើញ​ទៅ​ពេទ្យ​ឯកជន ឬ​កន្លែង​ខាងក្រៅ​នោះ។ ឯកឧត្ដម លើកឡើងថា ទាំងអស់នេះ គឺជា​ការគិតគូ យកចិត្តទុកដាក់ អំពី​សុខមាលភាព របស់​ប្រជាពលរដ្ឋ​យើង ក្រោម​ការខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​មូលដ្ឋាន ចំពោះ សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ បន្ទាប់ពី​ការកសាង​នូវ​សមិទ្ធផល ជា​ហេដ្ឋារចនាសម្ព័ន្ធនោះ។
ក្រៅពីនោះ កម្មវិធី​ថ្ងៃនេះ យើង​ក៏បាន​បន្ថែម ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​យើង ដែល​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ ១៩ ទាំង​ដូ​ស​មូលដ្ឋាន​ក្ដី និង​ដូ​ស​ជម្រុញ ដើម្បី បង្កើន​នូវ​ភាពស៊ាំ នៅក្នុង​សហគមន៍ ផងដែរ។ ដូច្នេះ សូម​ឲ្យ​បងប្អូន គិត​គិតគូ​អំពី​សុខភាព និង​ជីវភាព​របស់ខ្លួន រួមទាំង ការចូល​រួមសហការ​ជាមួយ​អាជ្ញាធរ ក្នុង​មូលដ្ឋាន ដើម្បីលើកកម្ពស់​កម្រិតជីវភាព ឲ្យ​កាន់តែ​ប្រសើរឡើង ថែមទៀត។ ក្រៅពីនោះ បងប្អូន​ដែល​មក​ទីនេះ ក្រោយពី​ទទួល​ការពិនិត្យ​ព្យាបាល និង​ទទួលបាន​ថ្នាំសង្កូវ​ហើយ នៅពេល​ត្រឡប់ទៅផ្ទះ​វិញ សូម​ប្រើប្រាស់ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ របស់​គ្រូពេទ្យ។
ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម ហ៊ុន ម៉ានិត ដែល​បាន​ចាត់តាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ១​ក្រុម ដើម្បីបាន​ចុះមក​ពិនិត្យ​ព្យា​ល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ នៅ​នៅ​ក្រុង​កំពង់ចាម ដោយ​ឥតគិតថ្លៃ នាពេលនេះ ផងដែរ។​
​បើតាមលោក​វេជ្ជបណ្ឌិត សៅ សំបូរ ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តសាខា​សមាគមន៍ សិស្ស និស្សិត បញ្ញា​វ័​ន្ត​ក្មេង​វត្ត បាន​គូសបញ្ជាក់ថា នេះ​ជា​លើក​ទី​២ ដែល​ក្រុមគ្រូពេទ្យ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិច​ថ្លៃ ដែល​លើក​ទី ១ បានធ្វើ​នៅ​ភូមិ​ឡ​ឥត សង្កាត់​បឹង​កុក និង​លើក​ទី ២ បានធ្វើ​នៅទីនេះ ។ លោក​បញ្ជាក់ដែរថា ការចុះពិនិត្យ​ព្យាបាល​ជម្ងឺ លើក​ទី​២ នេះ មាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សាខា​សមាគមន៍ សិស្ស និស្សិត បញ្ញា​វ័​ន្ត​ក្មេង​វត្ត​ចំនួន ១១​នាក់ ក្រុមគ្រូពេទ្យ​មកពី​មណ្ឌល​សុខភាព របស់​ការិយាល័យ​សុខាភិបាល ប្រតិបត្តិ​ចំនួន ១៣​នាក់ និង​និស្សិត​ទន្ត​គិលានុប្បដ្ឋាក​ចំនួន ០៤​នាក់ ។ លោក​បន្តថា ការចុះពិនិត្យ​ព្យាបាល នាពេល​នេះដែរ គឺ​ធ្វើ​ទៅលើ​ផ្នែក​ជម្ងឺ​ទូទៅ មាន ៖ ការពិគ្រោះ​ជម្ងឺ សម្រាប់​មនុស្ស​ចាស កុមារ និង​ពិគ្រោះ​ជម្ងឺ​មាត់ ធ្មេញ ជាដើម។
បន្ថែម​ពីលើ​នេះ ក្រោម​ការចង្អុលបង្ហាញ របស់ ឯកឧត្ដម អភិបាលខេត្ត មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ចាម បានរៀបចំ​ក្រុមគ្រូពេទ្យ និង​រថយន្ត​គ្លីនិក​ចល័ត សម្រាប់​បំរើសេវា ថត​អេកូ ថត​កាំរស្មី​អិ​ច ព្រមទាំង ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ-១៩ ជូន​បងប្អូន​កូនក្មួយ​ដែលមាន​អាយុ ០៣​ឆ្នាំ ឡើងទៅ ហើយនឹង​ប្រជាពលរដ្ឋ ជា​មនុស្ស​ចាស់ ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង