សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី០៨ ចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្នុងក្រុងព្រះវិហារ
ខេត្តព្រះវិហារ ៖ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី០៨ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីសិក្សាឈ្វេងយល់ និងពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋានឃុំ-សង្កាត់ឱ្យកាន់តែល្អប្រសើរ។ ពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំនៃរដ្ឋបាលសាលាក្រុងព្រះវិហារ ដែលមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុម-ប្រឹក្សា សង្កាត់កំពង់ប្រណាក សង្កាត់ប៉ាលហាល និងនាយប៉ុស្តិ៍នគរបាលជាច្រើនរូបទៀតផងដែរ ។
លោកជំទាវ ចឹក ហេង បានមានប្រសាសន៍ថា ការរៀបចំពិធីនេះឡើងដើម្បីឈ្វេងយល់ពីសុខទុក្ខមន្រ្តីរាជការ ពង្រឹងប្រសិទ្ធភាពការងារ ការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ បង្កើននូវទំនាក់ទំនងភាពជិតស្និទ្ធ រវាងសមាជិកព្រឹទ្ធសភា ជាមួយ នឹងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមគ្នាក្នុងការពង្រឹងពង្រីកការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ព្រមទាំងផ្តល់ឱកាសដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងចែករំលែកបទពិសោធន៍ការងារល្អៗ បញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក។
លោកជំទាវបានបន្តថា ដើម្បីបំពេញមុខងារនេះឱ្យមាន ប្រសិទ្ធភាព សមាជិកព្រឹទ្ធសភា បានដើរតួនាទីជាអ្នកគាំទ្រ និងរួមចំណែកជំរុញការអនុវត្តន៍គោល នយោបាយ របស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សំដៅលើកកម្ពស់សមត្ថភាព គុណធម៌ និងចរិតលក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍសហគមន៍ ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានល្អសម្រាប់អាណត្តិទី៥ ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និង ការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី