តុលាការខេត្តសៀមរាប កាត់ទោសបុរសម្នាក់ ដែលបាញ់នារីម្នាក់ក្នុងឡាន ចំដើមទ្រូង តែសំណាងល្អមិនស្លាប់
TNM(សៀមរាប) ៖សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ បានបើកសវនាការជំនុំជម្រះសំណុំរឿងប៉ុនប៉ងឃាតកម្មគិតទុកជាមុន តាមមាត្រា២៧ និង មាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តដោយជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល និង មានជនរងគ្រោះឈ្មោះ សំអុល សុខដានី ។
ក្រោយបញ្ចប់ការសួរដេញដោល លោក មុយ សុភ័ក្ត្រ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។
អំពើប៉ុនប៉ងឃាតកម្មគិតទុកជាមុន នេះ គឺ បានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
អង្គហេតុ នៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបប្រាប់ ថា ជនជាប់ចោទឈ្មោះ ចាន់ ពៅ ហៅ ផល និង ឈ្មោះ សំអុល សុខដានី មានទំនាក់ទំនងស្នេហានឹងគ្នារហូតមានកូនស្រីម្នាក់ ជាចំណងដៃ ។ ក្រោយមក នៅថ្ងៃកើតហេតុ ស្រាប់តែឈ្មោះ ចាន់ ពៅ ហៅផល បានបាញ់ជនរងគ្រោះចំដើមទ្រូងខាងស្តាំ ខណៈជនរងគ្រោះកំពុងដេកលង់លក់ក្នុងឡាន ។ ប៉ុន្តែ សំណាងល្អ ជនរងគ្រោះមិនទាន់ស្លាប់ ក៏បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ចាន់ ពៅ និង រត់អោយគេជួយ រួចផុតពីសេចក្តីស្លាប់តែម្តង ។
ជនរងគ្រោះ បានសំណូមពរដល់តុលាការ មេត្តាផ្តន្ទាទោសជនជាប់ចោទ ចាន់ ពៅ ហៅ ផល តាមច្បាប់កំណត់អោយបានធ្ងន់ធ្ងរ ៕