ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញជាអធិបតីក្នុងវិធីបើកសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២របស់អគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ ក្នុងពិធីសន្និបាតនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងបណ្ឌិត្យសភានគបាលកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីនៃអង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីថែ្លងសន្ទរកថាស្វាគម៍ ប្រកបដោយសេចក្តីគោរពក្នុងមនោសញ្ចេតនារីករាយ ស្ម័គ្រស្មោះចំពោះ ឯកឧត្តម ប៉ាវ ហម ផាន ដែលបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារនាឱកាសនេះ។
ឯកឧត្តមមានប្រសាសន៍ឱ្យដឹងដែរថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅអគ្គនាយកដ្ឋានពន្ធនាគារបានបំពេញការងារប្រកបដោយផ្លែផ្កា ដោយបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច នៅតាមអង្គភាព និងវិស័យជំនាញនីមួយៗ។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹងសមិទ្ធផលខាងលើ អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានបញ្ហាប្រឈមមួយចំនួនដែលជាបញ្ហាត្រូវខិតខំបំពេញបន្ថែមទៀតដើម្បីឆ្លើយតបបាន ទៅតាមបទដ្ឋានសម្រាប់ការងារគ្រប់គ្រងជនជាប់ឃុំ ដែលធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។ ក្នុងនោះពន្ធនាគារនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ និងក្របខណ្ឌមន្ត្រីពន្ធនាគារជាហេតុធ្វើឱ្យការឆ្លើយតបទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការឃុំខ្លួន និងការគ្រប់គ្រងជនជាប់ឃុំនៅមានគម្លាតនៅឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានធ្វើសេចក្តីរាយការណ៍ផ្សព្វផ្សាយនូវទិសដៅការងារបន្ត ដោយឯកឧត្តម បានលើកឡើង ការងារថ្មីជាអទិភាពសំខាន់ចំពោះមុខ មានដូចជារៀបចំលិខិតរដ្ឋបាលបទដ្ឋាន រៀបចំសំណើស្នើសុំបង្កើតអនុក្រឹត្យស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។ បន្តធ្វើកំណែទម្រង់របៀបធ្វើការរបស់ថ្នាក់ដឹកនាំតាមខ្សែបណ្តាយគ្រប់ថ្នាក់ និងពង្រីកជំនាញតាមគ្រប់វិស័យដែលធានាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របតាមបរិបទថ្មីជាមួយនឹងការប្រយុទ្ធប្រឆាំនៃការរាតត្បាតជំងឺកូវីដ១៩ នឹងបន្តពង្រឹងកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ និងអង្គការដៃគូនានា ដើម្បីគាំទ្រទាំងមធ្យោបាយ សម្ភារ ថវិកា និងបច្ចេកទេសលើការងារពន្ធនាគារផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ ណំ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប ស្តីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដោយឯកឧត្តមបានឱ្យដឹងថា ចំនួនជនជាប់ឃុំគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានសរុប ៣៨,០៧០នាក់ ស្រ្តី៦៦នាក់ ស្ត្រីមានផ្ទៃពោះ ២២នាក់ កូនតាមម្តាយ១៤០នាក់ ពិការ៤៧៥នាក់។ ក្នុងចំណោម ជនឃុំមានបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង៥៤,៥២% បទល្មើសលួចមានស្ថានទម្ងន់ទោស ៦,៨៨% បទល្មើសលួច ៧,០៧% រំលោភសេពសន្ថវៈ ៤,៧២% បទល្មើសឃាតកម្ម ៥,៤០% និងបទល្មើសផ្សេងៗទៀត ២១,៤១%។
ទន្ទឹមនឹងនេះឯកឧត្តម ក៏បានលើកឡើងនូវផែនការជាយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំដំណាក់កាលទី៣ (២០១៩-២០២៣) ដោយអគ្គនាយដ្ឋានពន្ធនាគារ បានកំណត់ចក្ខុវិស័យទិសដៅថា ’រួមគ្នាដើម្បីសុវត្ថិភាពសង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍”ជាមួយគ្នានេះ ដើម្បីសម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រសម្រាប់អនុវត្តផែនការបន្ត គឺរួមមាន៖ គ្រប់គ្រងពន្ធនាគារតាមបទដ្ឋានដែលធានាឱ្យមានសន្តិសុខ សុវត្ថិភាព និងប្រកបដោយមនុស្សធម៌, អភិវឌ្ឍជំនាញវិជ្ជាជីវៈ សេវាអប់រំកែប្រែ ស្តារនីតិសម្បទាបណ្តុះបណ្តាលវិជ្ជជីវៈ និងសមាហរណកម្មអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ, ជំរុញអនុវត្តក្របខ័ណ្ឌនយោបាយកំណែទម្រង់ពន្ធនាគារ និងពង្រឹងការងារដឹកនាំគ្រប់គ្រងអភិវឌ្ឍធនធានមនុស្សរបៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធផលការងារផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី