ទីភ្នាក់ងារជំនួយអាម៉េរិក USAID ផ្ដល់ថវិកាចំនួន២៥លានដុល្លារ ដើម្បីជួយបង្កើនបទពិសោធន៍អំណាន និងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២
កម្មវិធីអប់រំថ្មីមួយក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន២៥លានដុល្លារដែលនឹងជួយបង្កើនបទពិសោធន៍អំណាន និងការសិក្សារបស់សិស្ស នៅកម្រិតបឋមសិក្សានៅកម្ពុជាត្រូវបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ដើម្បីជួយដល់សិស្សប្រមាណ ២០០ ០០០ នាក់ សម្រាប់សិស្សថ្នាក់ទី១ និងថ្នាក់ទី២ ស្មើនឹងប្រមាណ៣២ភាគរយ នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេសកម្ពុជា។ ក្នុងពិធីប្រកាសការអនុវត្ដជាផ្លូវការគម្រោងអប់រំបរិយាប័ន្ននៅបឋមសិក្សា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម W. Patrick Murphy ឯកអគ្គ រដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslickនាយិកាបេសកកម្ម នៃ ទីភ្នាក់ងារជំនួយអាម៉េរិក USAID។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាន ទូតអាម៉េរិកប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា គម្រោងអប់រំបរិយាប័ន្ននៅបឋមសិក្សា(IPEA) ជួយបង្កើនដល់សមិទ្ធផលមុនៗ របស់ទីភ្នាក់ងារជំនួយអាម៉េរិក USAID គាំទ្រ លើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរ កម្រិត ថ្នាក់ដំបូង»។ គម្រោងអប់រំបរិយាប័ន្នថ្នាក់បឋមសិក្សា(IPEA) នឹងធ្វើការរួមគ្នាជាមួយដៃគូ ពាក់ព័ន្ធក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធីកុមាររៀន កុមារចេះនៃក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត W. Patrick Murphy បានគូសបញ្ជាក់ថា កុមារនៅថ្ងៃនេះគឺជាអ្នកដឹកនាំនៅថ្ងៃអនាគត ហើយយើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សាដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែ សម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ថែមថា “យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើកម្មវិធីកុមាររៀន កុមារចេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាដល់ព្រះរាជាណា ចក្រកម្ពុជាទាំងមូលផងដែរ”។
ជាមួយគ្នានេះ កម្មវិធីកុមាររៀនកុមារចេះរួមមានកញ្ចប់អំណានភាសាខ្មែរដែលបានបង្កើតឡើងប្រកបដោយសុខុដុមបនីយកម្មដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ ៦ ៥០០ នាក់ ទទួលបានការបណ្តុះបណ្តាលលើការប្រើប្រាស់សម្ភារអំណានថ្នាក់ទី១ និងទី២ រួមជាមួយនឹងមត្តេយ្យកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាង ក្រសួងអប់រំ យុវជននិង កីឡា ទីភ្នាក់ងារជំនួយអាម៉េរិក USAID និងភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE)។ គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលបានអនុវត្តន៍កម្មវិធីអក្ខរកម្មភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនថ្មីក្រោមកិច្ចគាំទ្រពីគ្រូបង្វឹកអំណានដែលមានជំនាញក្នុងខេត្តចំនួនប្រាំបី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត គម្រោងនឹងបន្តការជំរុញ និងលើកកម្ពស់ការសិក្សានៅកម្រិតថ្នាក់ដំបូងឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននិងបន្តការសម្របសម្រួល នៅ ក្នុងវិស័យទាំងមូលឱ្យរឹតតែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធតាមរយៈការពង្រឹងការ អនុវត្តកម្មវិធីកុមាររៀនកុមារចេះ នៅទូទាំងប្រទេសជាមួយនឹងការអនុវត្តកម្មវិធីគាំទ្រថ្នាក់ អប់រំបរិយាប័ន្នផងដែរ”។
ដោយមានការគាំទ្រពីភ្នាក់ងារជំនួយអាម៉េរិក USAID កម្មវិធីអំណានបានជួយដល់សិស្សប្រមាណ ២០០ ០០០ នាក់ ប្រមាណជា៣២ភាគរយ នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេស។ លើសពីនេះទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជាបានធ្វើការរួមគ្នាឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចែកសម្ភារសិក្សាតាមផ្ទះដល់សិស្សានុសិស្ស និងមាតាបិតាសិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេសក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅ។
សូមជម្រាបជូនថា គម្រោងអប់រំបរិយាប័ន្ននៅបឋមសិក្សា(IPEA) នឹងបង្កើនលើភាពជោគជ័យថ្មីៗនេះ តាមរយៈការពង្រីកការអនុវត្តទៅខេត្តថ្មីបន្ថែមទៀត ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា ដើម្បីឈានទៅកាន់ការអនុវត្តទូទាំងប្រទេស។ ទន្ទឹមនឹង ការសហការដោយផ្ទាល់ជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងការគាំទ្រដល់សាលាអប់រំ ពិសេស គម្រោងអប់រំបរិយាប័ន្នថ្នាក់បឋមសិក្សា(IPEA) នឹងគាំទ្រដល់គ្រូបង្រៀនដែល កំពុងបង្រៀនកុមារគថ្លង់ ឬមានកម្សោយការស្តាប់៕សម្រួលដោយ ទៀង បុណ្ណរី