កីឡាករកាយវប្បកម្មជម្រើសជាតិ៤នាក់ ជាក្តីសង្ឃឹមក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិ ពីស៊ីហ្គេម នៅវៀតណាម
ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២–
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានត្រៀមកីឡាករជម្រើសជាតិរបស់ខ្លួនចំនួន៤នាក់ ដែលជាក្តីសង្ឃឹមខ្ពស់ ក្នុងការចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១២ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
លោក ចាប វ៉ាន់នី គ្រូបង្វឹកជម្រើសជាតិកីឡាកាយវប្បកម្មកម្ពុជា បានគូសបញ្ជាក់ថា ប្រភេទកីឡាកាយវប្បកម្មកម្ពុជា បានត្រៀមចូលរួមប្រកួត២វិញ្ញាសា ក្នុងស៊ីហ្គេម ២០២២ នៅវៀតណាម គឺវិញ្ញាសា Athletic Physiqe និងវិញ្ញាសា Bodybuilding។ ចំពោះកីឡាករជម្រើសជាតិកាយវប្បកម្មមានចំនួន៤នាក់ កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បីជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិ ពីក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់២ឆ្នាំម្តង នៃតំបន់អាស៊ីអាគ្នេយ៍នេះ។
កីឡាករទាំង៤នាក់នេះ រួមមាន៖ កីឡាករ កែវ សំណាង, ត្រីង ចាន់ នឹងត្រូវលេងលើវិញ្ញាសា Athletic Physiqe ក្នុងទម្ងន់៨១គីឡូក្រាមដូចគ្នា។ វិញ្ញាសានេះគេគិតលើកម្ពស់បូកនឹងទម្ងន់ ធ្វើយ៉ាងណាឱ្យត្រូវនឹងទម្ងន់ដែលគត់កំណត់ ដូចជា៨០គីឡូក្រាមជាដើម ហើយក្នុង១វិញ្ញាសា គឺកីឡាករ២នាក់ចូលរួមប្រកួតជាមួយគ្នា។ ចំពោះកីឡាករ អ៊ិត សុធា និងកីឡាករ អ៊ុន បូរ៉ាត់ ដែលត្រូវប្រកួតលើវិញ្ញាសា Bodybuilding ក្នុងទម្ងន់៨០ និង៨៥គីឡូក្រាម។
គ្រូបង្វឹករូបនេះអះអាងថា ការហ្វឹកហាត់ត្រៀមនេះ ក្រុមជម្រើសជាតិហ្វឹកហាត់៦ថ្ងៃក្នុង១សប្តាហ៍ និងក្នុង១ថ្ងៃ ហ្វឹកហាត់៤ម៉ោង។ មូលហេតុដែលដាក់ក្តីរំពឹងក្នុងការដណ្តើមមេដាយនេះ គឺអាស្រ័យដោយសារបទពិសោធន៍របស់កីឡាករឆ្នើមៗទាំងអស់នេះ ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានាកន្លងមក។
លោក ចាប វ៉ាន់នី សង្កត់ធ្ងន់ថា «បន្ទាប់ពីបើកការហ្វឹកហាត់ត្រៀមចាប់ពីខែមេសា ឆ្នាំ២០២១មកពេលនេះជិត១ឆ្នាំហើយ ។ ដូច្នេះលោកបានដាក់ក្តីសង្ឃឹមថា កីឡាករកាយវប្បកម្មកម្ពុជានឹងដណ្តើមបានលទ្ធផលល្អ ក្នុងកម្រិតមេដាយយកមកជូនជាតិ ពីស៊ីហ្គេម នៅវៀតណាមនេះ»។
គ្រូជម្រើសជាតិរូបនេះបានបន្តថា ការហ្វឹកហាត់ត្រៀមនេះ ទទួលបានការលើកទឹកចិត្ត និងការលះបង់ខ្ពស់ពីលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដើម្បីជំរុញឱ្យក្រុមជម្រើសជាតិកម្ពុជាកាយវប្បកម្មកម្ពុជា ដណ្តើមបានកិត្យានុភាពជាតិនៅក្នុងគោលដៅស៊ីហ្គេម ឆ្នាំ២០២២នេះ ៕ សម្រួលដោយ ទៀង បុណ្ណរី