ព្រៃជំនឿសហគមន៍ក្នុងឃុំចំការលើកំពុងរងការកាប់បំផ្លាញយកដីទុកលក់ឲ្យក្រុមឈ្មួញ

TNM(ខេត្តស្ទឹងត្រែង)៖ ព្រៃជំនឿដែលការពារដោយសហគមន៍កំពុងរងនូវការកាប់បំផ្លាញទន្ទ្រានយកដីទុកលក់ទៅឲ្យក្រុមឈ្មួញដែលមានលុយមានអំណាច តែសមត្ថកិច្ចដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន គ្មានវិធានការចុះទប់ស្កាត់ទាល់តែសោះ ព្រៃជំនឿសហគមន៍នេះស្ថិតនៅក្នុងភូមិរំដេង ឃុំចំការលើ ស្រុកស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា អ្នកការពារព្រៃឈើគឺជាអ្នកបើកដៃឲ្យមានការកាប់ព្រៃ ទន្ទ្រានយកដីទុកលក់ឲ្យទៅពួកឈ្មួញមានលុយមានអំណាច តែអាជ្ញាធរភូមិ ឃុំ គឺជាអ្នកចេញប័ណ្ណកម្មសិទ្ធិឲ្យទៅវិញ។ ចំណែកឯសហគមន៍ដែលមានតួនាទីការពារព្រៃជំនឿនៅទីនោះ មានការសុំគ្រលុំគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញដោយទន្ទ្រានយកដីព្រៃសហគមន៍។

ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិ ឃុំខាងលើ បានសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ព្រៃដែលការពារដោយសហគមន៍ហើយអ្នកស្រុកនៅទីនោះ ពួកគាត់មានជំនឿតាំងពីដូនតា មកម្ល៉េះ គឺជាព្រៃការពារដោយសហគមន៍នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់។ កាលពីមុនអ្នកស្រុកមានជំនឿខ្លាំងណាស់ មិនហ៊ាននិយាយពាក្យអសុរោះឬនិយាយអាក្រក់ពេលដែលដើរចូលទៅក្នុងព្រៃនោះទេ។បើសិនជាអ្នកណានិយាយនៅក្នុងព្រៃដោយប្រើសំដីអាសអាភាសឬមានបំណងមិនល្អនិងវង្វេងមិនអាចចេញពីព្រៃបានឡើយ ដោយមូលហេតុនេះហើយបានជាអ្នកស្រុកមានជំនឿតរៀងរហូតមក។
ក្រៅពីជំនឿព្រៃសហគមន៍នៅទីនោះសំបូរទៅដោយសត្វបក្សាបក្សីសត្វចតុបាទរាប់មិនអស់ លុះមកដល់ពេលបច្ចុប្បន្ននេះ ឃើញថាព្រៃឈើត្រូវរងការកាប់បំផ្លាញ ដោយប្រជាពលរដ្ឋយកមកធ្វើចម្ការផង នឹងខ្លះទៀតយកទៅលក់បន្តទៅឲ្យឈ្មួញ រួមនិងមានការបរបាញ់សត្វព្រៃផងនោះ។ ពពួកសត្វដែលរស់នៅក្នុងព្រៃជំនឿ សហគមន៍ នោះបានរត់ទៅកាន់តំបន់ផ្សេងៗអស់ហើយ នឹងនៅសល់មួយចំនួនតូចត្រូវបានអ្នកស្រុកបរបាញ់សម្លាប់។
រីឯអ្នកភូមិពួកគាត់មិនហ៊ានរាយការណ៍ពីសកម្មភាពនៅក្នុងតំបន់នោះឡើយ គឺដោយសារ តែត្រូវគេគំរាមកំហែងបើសិនជាមាននរណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងទៅនឹងអ្នកពាក់ព័ន្ធកាប់ព្រៃតំបន់នោះ។

ចំណែកលោក ព្រះ ហែម មេឃុំចំការលើបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ថា លោកពុំទាន់បានទទួលព័ត៌មានពីសកម្មភាពនៃការកាប់បំផ្លាញព្រៃជំនឿ គ្រប់គ្រងដោយសហគមន៍នៅក្នុងភូមិរំដេងនោះទេ ព្រោះលោកថាគ្មានអ្នករាយការណ៍ប្រាប់ ៕

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង