ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីជួបសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀននៅរដ្ឋបាលឃុំ សង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង នា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀននៅរដ្ឋបាលឃុំ សង្កាត់ ក្រុងកំពង់ឆ្នាំង នា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
លោកអភិបាលក្រុងកំពង់ឆ្នាំង យិន សាវ៉េន បានលើកទ្បើងពីវឌ្ឍនភាពការងារដោះស្រាយទំនាស់នានាមានដូចជាទំនាស់ដីធ្លី ផ្លូវ ផ្ទះសម្បែង អំពើហិង្សា និងបញ្ហាផ្សេងៗជាច្រើនទៀតក្នុងក្រុងកំពង់ឆ្នាំង ព្រមទាំងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ លើការអភិវឌ្ឍ ឱ្យកាន់តែមានសោភ័ណភាព ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងទាក់ទាញអ្នកវិនិយោគផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមក ដើម្បីធ្វើការកែប្រែ ប្រកបទៅដោយសន្តិវិធី ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើម្បីជាទំនុកចិត្តរបស់ពួកគាត់ ជាពិសេសគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពព្រមទាំងការត្រៀមខ្លួនឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ។ជាពិសេសបានណែនាំដល់ ចៅសង្កាត់ និងសហការីទាំងអស់ ត្រូវតែបន្តបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយសេចក្ដីស្មោះត្រង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចដូចជា ៖ ពង្រឹងការងារទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាភារកិច្ចការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព , ពង្រឹងការងារថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ត្រូវតែបង្កើនល្បឿន ផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ មានទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព និងការទទួលខុសត្រូវ ស្របតាមពាក្យស្លោក “ធ្វើឱ្យបាន ហើយធ្វើឱ្យលឿន និងមានតម្លាភាព” ៕ សម្រួលដោយ ទៀង បុណ្ណរី