សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តកំពង់ធំ
រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។
ថ្លែងនៅក្នុងពិធីសន្និបាតនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា សន្និបាតនៅពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារសំខាន់សម្រាប់យើងទាំងអស់គ្នា ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែល រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងសម្រេចបាននិងរួមគ្នាធ្វើការ ពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសេសសល់សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅ ការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ លើកឡើងថា លទ្ធផលសម្រេចបានគួជាទីមោទនៈក្នុងឆ្នាំ២០២១កន្លងមកនេះ គឺជាលទ្ធផលនៃកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌ សេវាសាធារណៈ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង ការចូលរួមពីដៃគូអភិវឌ្ឍន៍ សម្បុរសជន អ្នកពាក់ព័ន្ធនានា និងជាពិសេស គឺការសហការ និងការចូលរួមពីប្រជាពលរដ្ឋ។ ហើយចំពោះបញ្ហាប្រឈមនានាដែលស្មុគស្មាញ ទាមទារឲ្យមានការចូលរួមពីអង្គភាពជំនាញពាក់ព័ន្ធ សហការខិតខំរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវយកអត្ថប្រយោជន៍ប្រជាជនជាស្នូល។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានផ្តាំផ្ញើដល់សមាជិកនៃអង្កធីទាំងអស់ បន្ទាប់ពីមានការបែងចែកក្រុមពិភាក្សា សូមធ្វើការពិភាក្សាឲ្យបានផុលផុស អំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹង ការផ្តល់បទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារ ក្នុងឆ្នាំ២០២២នេះ ឲ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបិទវគ្គសន្និបាតនៅព្រឹកថ្ងៃទី២៣ស្អែកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំ៕